មនុស្សចំនួន០២នាក់ត្រូវសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ក្រោយនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ រស់ សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និង ២. ឈ្មោះ មុត ស្រីនិច ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ រស់ សៀងហៃ ដែលអ្នកទាំងពីរនាក់នេះ ចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដោយឃុំខ្លួនជាបណ្ដោះអាសន្នតាមដីកាបង្គាប់ឲ្យឃុំខ្លួននេះ ។
គួររំលឹកថា កាលពីវេលាម៉ោង ០៦នាទីព្រឹក នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ រស់នៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ សរុបចំនួន ០៩នាក់ ក្នុងនោះស្រីចំនួន ០៤នាក់ មានបំណងចូលទៅប្រទេសថៃ ប៉ុន្តែត្រូវបានទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥ ចាប់ឃាត់ខ្លួននៅចំណុចស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកស្រី បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យ និងទទួលយកបងប្អូនប្រជាពលរដ្ឋទំាង០៩នាក់ ដោយបានដឹកជញ្ជូនតាមរថយន្តរបស់ក្រុមការងារស្នងការនគរបាលខេត្តសៀមរាប ត្រឡប់មកខេត្តសៀមរាបវិញ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំង០៩នាក់នេះ ពុំទាន់បានឆ្លងដែនទៅប្រទេសថៃទេ ដោយពួកគេនៅរង់ចាំមេខ្យល់ មកទទួលដើម្បីឆ្លងដែន ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ហើយជាមួយគ្នានេះ ក្រុមការងារនៃការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានឲ្យពលរដ្ឋម្នាក់ ក្នុងចំណោម៩នាក់ នាំផ្លូវទៅចង្អុលបង្ហាញត្រង់ចំណុចដែលអង្គុយចាំមេខ្យល់មកនាំ ឆ្លងដែន ដើម្បីកំណត់មុខសញ្ញ និងស្វែងរកចាប់មេខ្យល់ដែលនាំចេញឆ្លងដែនខុសច្បាប់ យកមកផ្តន្ទាសទោសតាមផ្លូវច្បាប់ ។
ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវអត់ធ្មត់មួយរយៈសិន ក្នុងការឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ ដោយត្រូវរងចាំឲ្យសភាពការណ៍នៃជំងឺកូវីដ១៩ បានស្រាកស្រាន្ត រង់ចាំប្រទេសថៃបញ្ជប់ការដាក់ប្រទេសក្នុងគ្រាសអាសន្នសិន ហើយបងប្អូនត្រូវទៅប្រទេសថៃដោយស្របច្បាប់ និងមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រទេសនីមួយៗ ៕SP