ភ្នំពេញ ៖ អង្គការជីវិតនៅកម្ពុជា បានគាំទ្រចំពោះការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងនៃ រាជធានី-ខេត្ត នៅកម្ពុជា ដែលក្រសួងយុត្តិធម៌ បានប្រកាសពន្លឿន ការដោះស្រាយបញ្ហា ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។យោងតាមការចេញ ផ្សាយក្រសួងព័ត៌មាន។

លោក ប៊ីល្លី ហ្គតធើរ (Billy Gorter) នាយកប្រតិបត្តិអង្គការជីវិតនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោករីករាយដែលបានលឺសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ព្រមទាំងគាំទ្រវិធានការដែលបានលើកឡើងយ៉ាងពេញទំហឹង ខណៈអង្គការរបស់លោក កំពុងធ្វើកម្មវិធីចំនួនបីនៅក្នុងផ្នែកកុមារ និងជីវិតគ្រួសារនៅកម្ពុជា ដោយផ្តោតលើ ផ្នែកពន្ធនាគារ។

លោកបានកត់សម្គាល់ថា អ្នកទោសចំនួនប្រហែល៥ភាគរយ នៅកម្ពុជាជាអនីតិជន ហើយក្នុងចំណោមអនីតិជនទាំងនេះ មានប្រមាណ៦៥ភាគរយ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារចំនួន៣ រួមមានពន្ធនាគារខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងមណ្ឌលអប់រំកែប្រែទី២ (ម២) ។

កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ក្រសួងយុត្តិធម៌ បានប្រកាសយុទ្ធនាការដោះស្រាយ បញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីឈានទៅដល់ការ ដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈបង្កើតគណៈកម្មការចំនួន៤ ដែលគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់សាលាដំបូងរាជធានី-ខេត្តទាំងអស់ ធ្វើការពិនិត្យ និងសម្របសម្រួលជាប្រព័ន្ធលើសំណុំរឿងលកកស្ទះ។

លោក ប៊ីល្លី ហ្គតធើរ បានថ្លែងថា «យើងរង់ចាំសហការយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ និងគណៈកម្មការថ្មីដែលត្រូវបង្កើតឡើងនេះ សាលាដំបូងរាជធានី-ខេត្ត អគ្គនាយកដ្ឋានពន្ធនាគារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្ម និងការគ្រប់គ្រងករណីក្រោយពេលដោះលែង»។

យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ បានបង្ហាញថា សំណុំរឿងដែលកំពុងចាត់ ការនៅ តាមសាលាដំបូងរាជធានី-ខេត្ត ក្នុងពេលបច្ចុប្បន្ន មានសរុបជិត៤ម៉ឺន សំណុំរឿង (៣៩.១៥២សំណុំរឿង) ក្នុងនោះបញ្ហាគ្រឿងញៀន មានជាង៦ពាន់សំណុំ រឿង(៦.២៦០ សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបជាង១ម៉ឺន២ពាន់នាក់(១២.៦៥១នាក់)។

សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២.០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ