អ្នកនាំពាក្យ ក្រសួងសុខាភិបាល ៖ សុខភាពអ្នកជំងឺកូវីដ-១៩ ម្នាក់ចុងក្រោយនេះ មានសុខភាពល្អជាធម្មតា
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន បញ្ជាក់ថា ស្ថានភាព សុខភាពរបស់អ្នកជំងឺ កូវីដ-១៩ ម្នាក់ចុងក្រោយនេះ គឺល្អជាធម្មតា ពុំមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។លោកស្រី បញ្ជាក់បែបនេះ នៅក្នុងតេឡេក្រាម ក្រុមអ្នក សារព័ត៌មាន។
សូមរំលឹកថា អ្នកជំងឺកូវីដ-១៩ ចុងក្រោយ គឺជាបុរសជនជាតិខ្មែរ ដែលមានទីលំនៅ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានវិលត្រលប់មកពីប្រទេសហ្វីលីពីន ចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានរកឃើញថា វិជ្ជមាននៅ ថ្ងៃបន្ទាប់ ហើយពេលនេះអ្នកជំងឺរូបនេះ កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ចំណែកឯស្ថានភាពសុខភាព របស់អ្នកជំងឺរូបនេះ គឺធម្មតា ដោយពុំមានសញ្ញាណាមួយគួរឲ្យព្រួយបារម្ភនោះទេ។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលកម្ពុជា បានធ្វើតេស្តលើប្រជាពលរដ្ឋសរុប ចំនួន ២៥.៨៨៤នាក់ គឺស្មើនឹង ១.៥៥៩/១លាននាក់ ដោយគិតចាប់ពីការរកឃើញករណីដំបូងទៅ បុរសទេសចរជនជាតិចិន កាលពីចុងខែមករា ឆ្នាំ២០២០ រហូតមកទល់នឹងព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយឡែក ករណីឆ្លងសរុបទូទាំងប្រទេសមានចំនួន ១២៦នាក់ ក្នុងនោះ ករណីព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០១នាក់ ដោយក្នុងនោះ ករណីភាគច្រើនគឺជាការនាំចូលពីក្រៅប្រទេស៕EB