បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប និងបរទេសមួយចំនួនធំ ជាពិសេសចុងភៅនៅសណ្ឋាគារធំៗស្គាល់គ្រំ ឬខ្យងប្រភេទនេះច្បាស់ណាស់ ព្រោះវាអាចច្នៃធ្វើម្ហូបបានជាច្រើនមុខ និងមានឱជារសឆ្ងាញ់ពិសារ ខណៈតម្លៃក្នុងហាងទំនើបមានតម្លៃថ្លៃ។ ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។


បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ ឬ៣ឆ្នាំនោះទេ ហើយសម្រាប់តម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី១០០០រៀល ដល់៣០០០រៀល តាមទំហំគ្រំ និងរដូវរបស់វា។ បន្ថែមពីនេះគ្រំចំពុះទា មានឱជារសឆ្ងាញពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងភីហ្សាដែលជាការពេញនិយមជាដើម។


លោក វង់ ដារ៉ា បានថ្លែងថា នៅក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ គ្រំចំពុះទា ចាប់ផ្តើមពងកូន រយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ក្រោយដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែដែលពួកគាត់បានដាក់នៅតាមទីតាំងរៀងៗខ្លួន អ្វីដែលកាន់តែពិសេសនោះគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយ ទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ។

សម្រាប់ការប្រមូលផលគ្រំចំពុះទានេះវិញ លោក វង់ ដារ៉ា បានបន្ថែមថា ក្រោយញាស់បានរយៈពេល៦ខែ ប្រជាសហគមន៍អាចប្រមូលគ្រំនេះបាន ដែលប្រជាពលរដ្ឋនៅទីនេះហៅថា «គ្រំក្រមុំ» ក៏ប៉ុន្តែ ទំហំរបស់គ្រំនេះនៅតូច ក៏ប៉ុន្តែ បើគ្រំធំល្អ គឺមានរយៈពេល១២ខែ នៃការចិញ្ចឹម។ លោកថា សម្រាប់រយៈពេលនៃការប្រមូលផលគ្រំចំពុះទានេះ មានរយៈពេល៦ខែ គឺចាប់ពីខែ១០ រហូតដល់ខែ៤ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ប្រជាសហគមន៍ដែលប្រកបរបរចិញ្ចឹមគ្រំចំពុះទា តាំងពីឆ្នាំ១៩៩៣រូបនេះ បានបង្ហាញថា សម្រាប់ឆ្នាំ២០២០ អាកាសធាតុអំណោយផល មិនសូវមានភ្លៀងធ្វើឱ្យប្រជាសហគមន៍អាចប្រមូលផលគ្រំចំពុះទាំនេះ រហូតដល់ខែ៦។ លោកថាសម្រាប់រដូវភ្លៀងនឹងធ្វើឱ្យគ្រំស្គម។


តាមរយៈដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះ ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបានមើលឃើញដោយផ្ទាល់នូវការចិញ្ចឹមគ្រំចំពុះទានេះ ដោយអះអាងថា លោកមិននឹកស្មានថាប្រទេសកម្ពុជាយើងមានប្រភេទគ្រំនេះនោះទេ ព្រោះរាល់មុខម្ហូបដែលពួកខ្លួនធ្វើពីគ្រំនេះ គឺសុទ្ធតែនាំចូលពីទេសទាំងអស់។ក្រុមចុងភៅ ប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានបន្តថា សម្រាប់ការចិញ្ចឹមគ្រំនេះទៀតសោធ គឺមានទំហំធាត់ល្អ ហើយគុណភាពវិញមិនចាញ់គ្រំណែនាំចូលពីបរទេសប៉ុន្មាននោះទេ។ បន្ថែមពីនេះ ក្រុមចុងភៅដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មានរបស់ខ្លួនហើយក៏ប៉ុន្តែមិនទាន់មានការច្នៃប្រឌិត ដូច្នេះ ប្រសិនយកគ្រំចំពុះទានេះទៅច្នៃជាម្ហូបអឺរ៉ុបវិញគ គឺរឹតតែមានឱជារស និងមានតម្លៃ។ ចុងភៅរូបនេះ បានបញ្ជាក់ថា ខណៈមុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ។


ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការដែលបានដឹកនាំប្រតិភូចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទារបស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃពមក្រសោប បានថ្លែងថា ដោយសារតែមើលឃើញសណ្ឋាគារ ភោជនីយើដ្ឋានធំៗ នៅក្នុងប្រទេសកម្ពុជា នាំចូលគ្រំចំពុះទាពីបរទេស ដើម្បីច្នៃធ្វើមុខម្ហូបផ្សេងៗ និងមានតម្លៃថ្លៃនោះទើបឯកឧត្តមរដ្ឋមន្ត្រីបានគិតគូពីការពង្រឹងជីវភាពដល់សហគមន៍ ព្រមទាំងចាត់មន្ត្រីឱ្យសហការជាមួយបណ្តាសណ្ឋាគារ និងភោជនីយដ្ឋានធំៗ ដើម្បីរក្សាទីផ្សារជូនដល់ប្រជាសហគមន៍ពាមក្រសោបនេះ។ ជាក់ស្តែងនាឱកាសចុះសិក្សាស្វែងយល់នេះ ក្រសួងបរិស្ថាន ក៏បានអញ្ជើញចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ ដើម្បីឱ្យពួកគាត់បានឃើញដោយផ្ទាល់ការចិញ្ចឹមគ្រំចំពុះទា របស់បងប្អូនប្រជាសហគមន៍។មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា ប្រទេសកម្ពុជា សំបូរគ្រំចំពុះទានេះណាស់ ដូច្នេះ សូមប្រជាសហគមន៍ដែលប្រកបរបរចិញ្ចឹមគ្រំនេះ ត្រូវរៀបចំធ្វើយ៉ាងម៉េចចិញ្ចឹមឱ្យបានល្អ ព្រមទាំងមានការវេចខ្ចប់ឱ្យបានល្អ ដើម្បីបំពេញតាមស្តងដារអនាម័យរបស់សណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលបានកម្ម៉ង់ ក្នុងពេលណាមួយជាដើម៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ