អង្គការសហប្រជាជាតិ កោតសសើរកម្ពុជាដែលសរសេរ របាយការណ៍សិទ្ធិមនុស្សបានយ៉ាងល្អ និងទាន់ពេលវេលា
ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា តំណាងការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ (UN) ទទួលសិទ្ធិមនុស្សប្រចាំ នៅកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ក្នុងការសរសេររបាយការណ៍ ទាក់ទងនឹងសិទ្ធិមនុស្ស ជាពិសេសបានដាក់របាយការណ៍សិទ្ធិ មនុស្សទៅអង្គការសហប្រជាតិ បានទាន់ពេលវេលា ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wagle តំណាងការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ (UN)ទទួលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០លោកជិនម៉ាលីនបានថ្លែងថា ក្នុងកិច្ចការងាររបាយការណ៍សិទ្ធិមនុស្សគឺ ឧត្តមស្នងការ អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណ:កម្មាធិការសិទ្ធិមនុស្សជា សេនាធិការ ។
លោកបញ្ជាក់ថា “បានន័យថា យើងសរសេររបាយការណ៍ បានទាន់ពេល យើងបានដាក់របាយការណ៍ ទៅអង្គការសហប្រជាជាតិបានទាន់ពេល ហើយយើងបានចូលរួមយ៉ាងសកម្ម ក្នុងការទៅធ្វើបទបង្ហាញ និងការពារនូវរបាយករណ៍ទាំងអស់នោះ នៅលើឆាកអន្តរជាតិជាពិសេស នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ “។
លោកបញ្ជាក់ថា របាយករណ៍សិទ្ធមនុស្សនៅកម្ពុជា ទាំងប៉ុន្មាន មិនមែន ស្ថិតនៅក្រោម ការទទួលខុសត្រូវរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា តែម្នាក់ឯងទេ ដោយរបាយការណ៍សិទ្ធិមនុស្ស ខ្លះមានការពាក់ព័ន្ធជាមួយវិស័យផ្សេងៗ នោះគឺស្ថិតនៅក្រសួងស្ថាប័នជំនាញផ្សេងផងដែរ។
លោកបន្ថែមថា ចំពោះគណ:កម្មាធិការសិទ្ធិមនុស្ស គឺទទួលតែរបាយការណ៍ចំនួន៥ប៉ុណ្ណោះ ។ របាយការណ៍ទាំងនោះរួមមាន៖ទី១-គឺទាក់ទងការរើសអើង ពូជសាសន៍,ទី២-ទាក់ទងសិទ្ធិសេដ្ឋកិច្ច ,ទី៣-សង្គមនិងវប្បធម៌ ,ទី៤-ទាក់ទងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ,និងទី៥-ពាក់ព័ន្ធការបាត់ខ្លួនដោយបង្ខំ៕EB