ទ័ពមួកខៀវ ២១៩នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ក្រោមឆត្រUN ជាង១ឆ្នាំ
ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ ចំនួន២១៩នាក់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ រយៈពេលជាង១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជូនដល់កម្លាំងទាំង២១៩នាក់នេះ នៅព្រលានយន្តហោះ VIP ផងដែរ។
បន្ទាប់ពីមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ កងកម្លាំងទាំងអស់ ត្រូវបានរៀបចំធ្វើតេស្តរកមេរោគគ្រុនចាញ់ ព្រមទាំងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដើម្បីធានាថាកងកម្លាំងកម្ពុជាទាំងអស់ មានសុវត្ថិភាពពេញលេញជៀសផុតពីជំងឺបន្ទាប់ពីបញ្ចប់ដំណើរបេសកកម្មរបស់ខ្លួន។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ពីការបំពេញបេសកកម្មរយៈពេលជាង១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ដោយឡែកសម្រាប់ពិធីទទួលជាផ្លូវការ និងបំពាក់មេដាយកិត្តិយស នឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់។
សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី ៕EB