នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

សម្ដេចក្រឡាហោម បានលើកឡើងថា ផែនការសកម្មភាពនេះជាផ្នែកសំខាន់មួយ នៃការខិតខំប្រឹងប្រែងក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្ថាប័នថ្នាក់កណ្ដាលបានដើរតួនាទីសំខាន់ ហើយប្រសិនបើរដ្ឋបាលមានភាពរឹងមាំបានន័យថាសកម្មភាពទាំងអស់ និងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។ សម្ដេចបានលើកឡើងបន្តថា ការធ្វើផែនការលើកដំបូង មិនទាមទារភាពល្អឥតខ្ចោះឡើយ ប៉ុន្តែដើម្បីប្រមូល ស្វែងរកបញ្ហាផ្សេងៗ យកមកពិភាក្សា និងបន្តបែងចែកការងារនានា។

គួរជម្រាបជូនថា ផែនការសកម្មភាពអនុវត្តឆ្នាំ២០២០ គឺជាឧបករណ៍សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងជាវិធានការ ក៏ដូចជាដំណោះស្រាយ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានា។ ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ