ខេត្តកោះកុង÷ បុរសជនជាតិខ្មែរម្នាក់ ដែលមានឈ្មោះ រស់រឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានស្រុកកំណើត នៅភូមិតាំង គោក ឃុំតាំងគោក ស្រុកតាំង គោក ខេត្តកំពង់ធំ ។ បច្ចុប្បន្នរស់នៅ ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានរត់រួចពីទឹកថៃទាំងដៃជាប់ខ្នោះ ចូលមកទឹកដីខេត្តកោះកុង កាលពីវេលាម៉ោងប៉ុន្មាន ជាង១១ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តយកមករក្សា ទុកដើម្បីសួរនាំពីបញ្ហាដែលកើត មានឡើងចំពោះបុរសជនជាតិខ្មែរនោះ និងរងចាំការទាក់ទងពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តកោះកុង ជាមួយនឹងអាជ្ញាធរមាន សមត្ថកិច្ចនគរបាលថៃ(ខេត្តត្រាត)ជាបន្តទៀត ថាតើបុរសដែលបានរត់រួចចេញពីទឹកដីថៃទាំងដៃជាប់ខ្នោះនោះ មានបញ្ហាអ្វីដែរទៅ។ដោយឡែកនៅព្រឹកថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០នេះ បើយោងតាមការរៀបរាប់ពីសំណាក់បុរសជនរងគ្រោះដែលមានឈ្មោះរស់ រឿន បានស្រាយបំភ្លឺអោយយើងដឹងថា ខ្លួនបានចាកចេញពីស្រុក កំណើតភូមិឃុំខាងលើ ចូលទៅ កាន់ទឹកដីថៃ តាមច្រកឡែមខេត្តបាត់ដំបង ក្នុងគោលបំណងចូលទៅធ្វើការនេសាទត្រី លើដែនសមុទ្រថៃ ក្នុងខេត្តត្រួត ដែលមានព្រំប្រទល់ជាប់ជាមួយ នឹងខេត្តកោះកុង នៅក្នុងអំឡុងពេលដែលខ្លួនបានចុះទៅធ្វើការនេសាទត្រីរយៈពេល ១ខែ ខ្លួនក៏មានបញ្ហាការឈ្លោះទាស់ទែងគ្នារវាងកម្មករខ្មែរនិងកម្មករខ្មែរដូច គ្នានៅលើទូកនេសាទ ហើយក៏ត្រូវបានថៅកែទូកនេសាទ បណ្ដេញចេញឲ្យឡើងមកលើគោកវិញ ដោយលែងខ្លួនចោលដើរគ្មានគោលដៅ ដោយពុំមានលិខិតឆ្លងដែនយ៉ាងត្រឹមត្រូវទៅតាមច្បាប់អន្តោប្រវេសន៍ទៀតផង ។នៅក្នុងការដំណើរតាមដងផ្លូវជាតិក្នុងទឹកដីថៃ ត្រូវបានតំរួតថៃ ចាប់ឃាត់សួរនាំ ដើម្បីរកលិខិត ឆ្លងដែន តែបុរសខាងលើបានប្រាប់សមត្ថកិច្ចថៃថា ខ្លួនចូលមកទឹកដីថ្ងៃនេះដោយមានថៅកែថៃជាអ្នកយកមកធ្វើការនេសាទត្រីនៅខេត្តត្រាត ដោយពុំមានលិខិតស្នាមអ្វីទាំងអស់ ហើយក៏ត្រូវបានតម្រួតថៃ ធ្វើការចាប់ឃាត់ខ្លួនដាក់ខ្នោះដៃដើម្បីយកទៅសាងសំណុំរឿងនៅតុលាការបញ្ជូនទៅកាត់ទោសទៅតាមបទល្មើសឆ្លងដែនដោយគ្មានការអនុញ្ញាត ។
បុរស រស់ រឿន បានបន្តទៀតថា នៅក្នុងពេលដែលតម្រួតថៃបានដឹកខ្លួនតាមរថយន្តមកដល់ ពាក់កណ្ដាលផ្លូវ ហើយតម្រួតថៃក៏ចុះបត់ជើងតូច ដោយឃើញឱកាសល្អ ខ្លួនគាត់ចុះរត់ពីលើរថយន្តកាត់ព្រៃ កាត់ដុប ដើម្បីអោយរួចខ្លួនពីការចាប់ដាក់ពន្ធនាគារ នៅក្នុងទឹកដីថៃ ។ នៅក្នុងការរត់គេចខ្លួននោះជនរងគ្រោះក៏បានបញ្ជាក់ឱ្យដឹងជាចុងក្រោយផងដែរ ថាខ្លួនបានហែលទឹកសមុទ្រចំនួន៧ ថ្ងៃដោយមានកាដុងទឹកមួយគ្រាន់ នឹងបណ្ដែតខ្លួន ហើយក៏គ្មានអាហារសម្រាប់ទទួលទាននៅក្នុងពេលហែលទឹកនោះដែរលុះហែលមកដល់ចំណុចកោះឆាងក្នុងទឹកដីខេត្តត្រាតព្រំដែនកម្ពុជា.ថៃ ខ្លួនក៏បានឡើងលើគោកដើរតាមបណ្តោយមាត់ សមុទ្រជាច្រើនថ្ងៃទៀត ទើបឆ្លងចូលមកកម្ពុជា តាមព្រៃរត់មកឲ្យអាជ្ញាធរ និងសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមាជួយ ។
លោកប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ក៏បានឱ្យអ្នកយក ព័ត៌មានយើងដឹងផងដែរថាក្រោយពីបានទទួល ការស្នើសុំឲ្យជួយពីសំណាក់ពលករដែលរត់ឆ្លងដែនពីទឹកដីថៃចូលមកកម្ពុជាវិញនោះលោកក៏បានសហការជាមួយនឹងកងកម្លាំងសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ហើយក៏បាននាំខ្លួន បុរសរង គ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីរងចាំការពិនិត្យនិងសាក សួររឿងជាបន្តទៀត ។
យោងតាមការលើកឡើងពីសំ ណាក់ លោក វរសេនីយ៍ ត្រី ម៉ម ភឿង អធិការរងស្រុកមណ្ឌលសី មាបានឲ្យដឹងថា ក្រោយពីបានទំនាក់ទំនងជាមួយអាជ្ញាធរសមត្ថកិច្ចថៃនៅក្នុងខេត្តត្រាតរួចមក អាជ្ញាធរថៃក៏បានឆ្លើយបំភ្លឺថា បុរសខាងលើគឺគ្មានជាប់ ពាក់ព័ន្ធទៅនឹងបទល្មើស ព្រហ្មទណ្ឌណាមួយទេ ក្រៅពីបញ្ហាឆ្លងដែនដោយគ្មានលិខិត ស្នាមតែប៉ុណ្ណោះ ។លោក វរៈសេនីយ៍ត្រី ម៉ម ភឿន បានបញ្ជាក់ជាចុងក្រោយថា បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន ឲ្យសម្រាកដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ដើម្បីពិនិត្យជំងឺកូវិដ១៩ ហើយអាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុង ក៏កំពុងតែធ្វើការទំនាក់ទំនង ទៅកាន់អាជ្ញាធរខេត្តព្រៃវែងហើយដែរ ដើម្បីឲ្យមកទទួលជនរងគ្រោះខាងលើត្រឡប់ទៅភូមិកំណើតវិញ៕ ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ