ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាង រដ្ឋមន្ត្រីការបរទេស អាស៊ាន និងរុស្ស៊ី ស្ដីពីជំងឺឆ្លង កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៤ មិថុនា ថា កិច្ច ប្រជុំនេះ នឹងត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។ 

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៊ី នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី ជាពិសេសលើវិស័យ សុខភាពសាធារណៈ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងចំពេលវេលាដ៏លំបាកនិងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន ហើយជម្ងឺឆ្លងកូវីដ-១៩ នេះ ទាមទារនូវការប្រយុទ្ធប្រឆាំងរួមគ្នា តាមរយៈការរួបរួមគ្នា និងសាមគ្គីភាព ដោយផ្អែកទាំងស្រុងទៅលើគ្រឹះពហុភាគីនិយមដែលមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាននិងរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ