កម្ពុជា ជំរុញប្រទេស២៦ ត្រូវចាប់ផ្តើមរិះរកមធ្យោបាយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយ កូវីដ-១៩ ត្រូវបានបញ្ចប់
ភ្នំពេញ ៖ ស្របពេលស្ថានភាពជំងឺកូវីដ១៩កំពុងធូរ ស្រាលនៅតាមប្រទេសមួយចំនួន លើពិភពលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេសខ្មែរ បានជំរុញ ឲ្យប្រទេសទាំង២៦ ដែលជាដៃគូកិច្ចសហប្រតិបតិ្តការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយ ផលសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតនេះរលាយផុតទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ មិថុនានេះ បានឲ្យដឹងថា ថ្ងៃ១៨ មិថុនា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំជាន់ ខ្ពស់ក្នុងក្របខណ្ឌកិច្ចសហ ប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដោយដឹកនាំ ដោយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ ទេសចិន ព្រមទាំងចូលរួមដោយ រដ្ឋមន្រ្តីមកពី ២៦ ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវ ។
ក្នុងកិច្ចប្រជុំនោះ លោក ប្រាក់ សុខុន បញ្ជាក់ថា «ក្នុងបរិបទបច្ចុប្បន្នដែលពហុភាគី និយម នៃវិស័យសុខាភិបាល កំពុងរងការវាយប្រហារ យើងគួរតែ បញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្ត របស់ ពួកយើង ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាព ពិភពលោក ត្រូវតែទទួលបាននូវ មធ្យោបាយគ្រប់គ្រាន់ដើម្បីអាច បំពេញបេសកកម្មជា ធម្មតារបស់ខ្លួនបានកាន់តែប្រសើរឡើង»។
លោកបន្ដថា «ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេស មួយចំនួន នៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកន្លងផុត»៕EB