ប្រជាពលរដ្ឋរីករាយ ក្នុងការប្រមូលអនុផលព្រៃឈើផ្សេងៗ ពិសេសផ្សិតប៉ក់ នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ក្នុង១រដូវៗ ប្រជាកសិករមានចិត្តរីករាយរំភើប កាលបើភ្លៀងធ្លាក់ពួកគាត់បានប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងៗនៅតាមមូលដ្ឋានគាត់រស់នៅបានផលច្រើន និងជារបស់ធម្មជាតិ។ អង្គភាពមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានអោយដឹងថា៖ជាប្រចាំ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានចុះពិនិត្យមើលសកម្មភាពប្រមូលផ្សិតប៉ក់ និងអនុផលព្រៃឈើផ្សេងទៀតដូចជា៖ ផ្កាចាហួយក្បុក និងទំពាំងឫស្សី ជាដើម របស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។តាមរយៈការជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាការសង្កេតផងនោះ ឃើញថាប្រជាពលរដ្ឋមានអារម្មណ៍រីករាយ នឹងការរកអនុផលព្រៃឈើផ្សេងៗ ជាពិសេសគឺការរកផ្សិតប៉ក់នារដូវភ្លៀងធ្លាក់នេះ។
ដោយឡែកនៅរវាងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំដែក និងស្នាក់ការភ្នំអណ្ដូង នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះល្បាតចាប់ពីផ្លូវសន្លុង រហូតដល់ចំណុចឡស្លដែក ដោយបានចាំឃ្លាំមើលសកម្មភាពល្មើសដែលអាចកើតឡើងនៅពេលយប់រហូតដល់ព្រឹកឡើងទើបធ្វើការល្បាតបន្ ជួបករណីទន្រ្ទានដីធ្វើកម្មសិទ្ធិ១កន្លែង ពេលនោះក្រុមការងារបានធ្វើកិច្ចសន្យាជាមួយជនសង្ស័យឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត មុនបានវិលត្រឡប់មកស្នាក់ការវិញ។ ចំណែកឯមន្រ្តីឧទ្យានុរក្សមួយក្រុមទៀត ក៏បានចុះល្បាតផងដែរ ចាប់ពីចំណុចស្នាក់ការភ្នំអណ្ដូង រហូតដល់ចំណុចជើងភ្នំក្រោល ដោយនៅពេលកំពុងល្បាត បានប្រទះឃើញដានជើងសត្វទន្សោង និងសត្វប្រើស មុនល្បាតដល់ចំណុចចុងប្រឡាយបន្តទៀត។
ផ្សិតប៉ក់ជាទីពេញនិយម របស់ប្រជាពលរដ្ឋក្នុងស្រុក និងបន្តលក់ចែកចាយ នាំចេញទៅលក់នៅប្រទេសជិតខាង ភាគច្រើនប្រទេសថៃ។ដោយឡែកអនុផលព្រៃឈើផ្សេងទៀត មានជាផ្កា មើម ត្រួយ ស្លឹក ។ល។ ប្រជាកសិករ បានយកមកធ្វើជាបន្លែ បរិភោគនិងមានសុខភាពល្អបំផុត៕SS