រដ្ឋមន្រ្តីក្រសួងកសិកម្ម អំពាវនាវឱ្យកសិករប្រើជីសរីរាង្គ ដើម្បីឲ្យដីមានគុណភាពល្អ និងបានផលច្រើន
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។
លោកវេង សាខុន បានឲ្យដឹងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត នាឱកាសនេះក្នុងគោលបំណងបំផុសប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់ជីសរីរាង្គ ដើម្បីឲ្យដីមានគុណភាពល្អ និងទទួលបានទិន្នផលខ្ពស់។ ព្រមទាំងបំផុសចលនាដាំកូនឈើឡើងវិញ ដើម្បីកាត់បន្ថយនូវគ្រោធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត ដែលងាយនឹងជួបហានិភ័យដល់ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។
លោក បានធ្វើការសំនូមពរដល់បងប្អូនប្រជាកសិករទាំងអស់ ត្រូវចូលរួម និងអនុវត្តតាមការណែនាំរបស់មន្ទីរ ក៏ដូចជាការិយាល័យកសិកម្មស្រុក ក្នុងការប្រើប្រាស់ជីសរីរាង្គណាមួយ ដើម្បីឲ្យដីដែលធ្លាក់ចុះគុណភាព មានភាពល្អប្រសើរឡើងវិញ និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងការចូលរួមដាំកូនឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ លាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ដើម្បីរក្សាការពារខ្លួនពីការឆ្លងជម្ងឺកូវីដ-១៩ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ ក៏មានការដាំដើមធ្នង់ជានិមិត្តរូបចំនួន ០២ដើម និងចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន គ្រាប់ស្រូវពូជចំនួន ០១បេ ស្មើនឹង២៥គីឡូក្រាម, កូនធ្នង់ចំនួន ០១ដើម និងថវិកាចំនួន ២០,០០០រៀល៕sp