កម្ពុជា ជាប្រទេសដែលនាំចេញកង់ធំជាងគេមួយនៅលើពិភពលោក ដោយក្នុងរយៈពេ លប្រាំ ខែដើមឆ្នាំ២០២០នេះ កង់ចំនួន ៨៧៦.៦១២ គ្រឿងត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស កើនឡើងប្រមាណ ១៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។

យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់មានតម្លៃសរុបជាង ១៩៧ លានដុល្លារអាមេរិក កើនឡើង ២៦ ភាគរយ ហើយទីផ្សារធំបំផុតសម្រាប់កង់កម្ពុជា គឺសហគមន៍អឺរ៉ុប បន្ទាប់មកគឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ។

ប្រភពដដែលបានឱ្យដឹងថា កង់ចំនួន ៤៩៥.៣៤១ គ្រឿង ដែលមានតម្លៃ ១១៩ លានដុល្លារអាមេរិក ត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និង២២៣.៩១២ គ្រឿង ទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃសរុប ៤៤ លានដុល្លារ ។ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេសបាននាំចូលកង់ពីកម្ពុជាចំនួន ១២៥.៦០២ គ្រឿង ស្មើនឹង ២៥ លានដុល្លារអាមេរិក ខណៈដែលជប៉ុនទិញ ៣៣៨ គ្រឿង ស្មើនឹង ៩៤.១៣៧ ដុល្លារ ហើយកង់ចំនួន ៣១.៤១៩ គ្រឿងផ្សេងទៀត ស្មើនឹងជាង ៨ លានដុល្លារ ត្រូវបាននាំចេញទៅទីផ្សារដទៃទៀត ។

វិស័យតម្លើងកង់នៅកម្ពុជា បាន និងកំពុងទាក់ទាញទាំងក្រុមហ៊ុនផលិតកង់ និងរោងចក្រផលិតគ្រឿង បន្លាស់ធំៗ ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វា យរៀង។កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញកង់ ដែលមានតម្លៃសរុប ៤១៨ លានដុល្លារ ទៅកាន់ទីផ្សារបរទេស កើនលើសតួលេខឆ្នាំ២០១៨ ដែលមានតម្លៃត្រឹមតែ ៣៣១ លានដុល្លា រប៉ុណ្ណោះ ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ