(មានវីដេអូ)៖ ត្រីប៉ាស៊ីអ៊ី ១គីឡូឡើងទៅ មានតម្លៃ៤០ម៉ឺនរៀល ខណៈត្រីនេះ មានរសជាតិយ៉ាងឆ្ងាញ់
ភ្នំពេញ ៖ លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ត្រីប៉ាស៊ីអ៊ី ក្នុង១គីឡូក្រាម ឡើងទៅមានតម្លៃចាប់ពី៤០ម៉ឺនរៀល រហូតទៅដល់ ៦០ម៉ឺនរៀល ខណៈ ត្រីប៉ាស៊ីអ៊ី មានរសជាតិយ៉ាងឆ្ងាញ់ និងជារបស់កម្រផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដស្ទឹង ត្រែង» នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ចៅ មុន្នីរ៉ា រៀបរាប់ថា នៅខេត្តស្ទឹងត្រែង សព្វថ្ងៃនេះបានដល់រដូវបិទនេសាទហើយស្ទឹងត្រែង មានលក្ខណៈពិសេសត្រង់ ជាតំបន់ មេង្គលើសំបូរទៅដោយធនធានធម្មជាតិ។
លោកបន្ដថា ត្រីប៉ាស៊ីអ៊ី ជាត្រីជិតផុតពូជ ហើយក៏មានរស់ជាតិ ឆ្ងាញ់ជាងត្រីដ៏ទៃផងដែរ។ លោកថា នៅរដូវបិទនេសាទ នាពេលនេះ រដ្ឋបាលខេត្តស្ទឹងត្រែង តម្រូវឲ្យប្រជាពលរដ្ឋធ្វើការ នេសាទជាលក្ខណៈគ្រួសារ តែប៉ុណ្ណោះ។
លោក ចៅ មុន្នីរ៉ា បញ្ជាក់យ៉ាងដូច្នេះថា «ត្រីប៉ាស៊ីអ៊ី ក្រោមមួយគីឡូចុះតម្លៃប្រមាណ ១០ម៉ឺន រៀល ទៅ១៥ម៉ឺនរៀល ហើយតម្លៃត្រីនេះ មួយគីឡូឡើងទៅ មានតម្លៃរហូតដល់ ៤០ម៉ឺនរៀល ទៅជិតដល់៦០ម៉ឺនរៀល។ដោយសារ ត្រីប៉ាស៊ីអី មានរស់ជាតិឆ្ងាញ់ ហើយដែលជាត្រីកម្រ ផងដែរ»។
សូមជម្រាបថា ត្រីប៉ាស៊ីអ៊ី គឺជាប្រភេទត្រីមានស្រកាក៏កម្រ រស់នៅក្នុងតំបន់សំបូរថ្ម នៃខេត្តស្ទឹងត្រែង ភាគឥសាន ប្រទេសកម្ពុជា។ត្រីប៉ាស៊ីអ៊ី មានរសជាតិឆ្ងាញ់ខុសប្លែក ពីត្រីដ៏ទៃទៀតហើយ ក្នុង១ឆ្នាំ រដូវត្រីប៉ាស៊ីអ៊ី មានតែ ២ដងប៉ុណ្ណោះ គឺរដូវរងាដែលជារដូវទឹកស្រក ក្នុងខែធ្នូនេះ និងរដូវទឹកឡើង៕EB