ភ្នំពេញ ៖ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាម និយាយតៗគ្នាថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកផ្លូវឲ្យឈ្មួញ នាំចូលជ្រូករស់ខុសច្បាប់ តាមច្រកត្រពាំងផ្លុងនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា មិនមានករណី ដូចដែលបានលើកឡើងនោះទេ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា «ឮចចាមអារ៉ាមថា មាននាំជ្រូក ពីខាងប្រទេស ជិតខាងមកតាមច្រកមួយចំនួន នៅក្នុងខេត្តត្បូងឃ្មុំ ។ ខ្ញុំនិយាយថា ធានាថាមិនមានទេ ពីព្រោះប្រហែលជា ប្អូនលើកឡើង អម្បាញ់មិញត្រឹមត្រូវណាស់ ដោយសារប្រទេសជិតខាងយើង អាចមានបញ្ហាបេស្តជ្រូកអាហ្រ្វិក អីចឹងយើងមិនមានទេ មិនអាចមានទេ មិនមានការនាំចូលទេ»។
លោកបន្តថា ចំពោះបញ្ហានេះ អាជ្ញាធរខេត្ត បានធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ មិនអាចឲ្យមានការធ្លោះធ្លាយឡើយ។ លោកទទួលស្គាល់ថា កាលពីឆ្នាំ២០១៩ ខេត្តមានការនាំចូលជ្រូករស់ ពីវៀតណាម បន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ព្រោះដោយសារ ផលិតកម្មក្នុងស្រុកខ្វះខាត មិនអាចផ្គត់ផ្គង់គ្រប់ចំនួន។
លោកថា ទោះបីជាមានការខិតខំទប់ស្កាត់ មិនឲ្យមានការនាំចូល ជ្រូករស់យ៉ាងណាក៏ដោយ នៅតែមានការ ធ្វេសប្រហែសបន្តិចបន្តួច ជៀសមិនផុតពីជនខិលខូចមួយចំនួន ចាំតែឆ្លៀតឱកាស៕EB