(មានវីដេអូ) សម្ដេច ស ខេង ៖ ពលរដ្ឋជំពាក់លុយធនាគារ ត្រូវតែសង ប៉ុន្ដែពន្យារពេលសមស្រប ដើម្បីឲ្យពលរដ្ឋមានលទ្ធភាពសង
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាអតីតក្រុមប្រឆាំងនៅក្រៅប្រទេស បំផុសប្រជាពលរដ្ឋមិនឲ្យសងលុយធនាគារ ហើយបញ្ហានេះសម្ដេចថា មិនអាចរួចបានឡើយ ពលរដ្ឋជំពាក់ធនាគារត្រូវតែសង់។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ទន្ទឹមនឹងនេះមានគេបំផុសបញ្ហាបំណុល ការជំពាក់បំណុលហើយរហូតដល់ទាមទារ មិនឲ្យសង មិនឲ្យសង់អីចឹង ។អានេះជាការឃោសនា មិនអាចធ្វើទៅបានទេ? ពីព្រោះការណាជំពាក់គេត្រូវតែសង់ គ្រាន់តែថាឥឡូវត្រូវពន្យារពេលណាមួយសមស្រប ដើម្បីគ្នាមានលទ្ធភាពសង់»។
សម្ដេចបន្ដថា បើខ្ជីគេមិនសង់ អាហ្នឹងទៅមិនរួចទេ ហើយកន្លែងណាក៏ទៅមិនរួចដែល ហើយបញ្ហានេះ ខ្ញុំចង់បញ្ជាក់ថា ការផ្សព្វផ្សាយនៅព័ត៌មាន ទាំងឡាយគឺចាំបាច់យើងត្រូវតាមដាន គ្រប់គ្រងឲ្យជាប់ជាប្រចាំ ហើយធ្វើបកស្រាយបំភ្លឺសាធារណៈមតិ ជាពិសេសប្រជាពលរដ្ឋ ឲ្យលោកយល់អំពីបញ្ហានេះ(បញ្ហាខ្ជីលុយធនាគារ) »។
សូមរំលឹកថា នាពេលថ្មីៗនេះ វិទ្យុអាស៊ីសេរី បានចេញផ្សាយថា អតីតមន្ដ្រីបក្សប្រឆាំង នៅក្រៅប្រទេសបានទទូចឲ្យរាជរដ្ឋាភិបាល ចាត់វិធានការឲ្យមានប្រសិទ្ធិភាព ក្នុងការពន្យាពេល ឬផ្អាកការសងបំណុល របស់ប្រជាពលរដ្ឋខ្មែរ រយៈពេលយ៉ាងតិច៣ខែ ទៅមុខទៀតខណៈពលរដ្ឋខ្មែរ រាប់លាននាក់ កំពុងជួបទុក្ខលំបាកផ្នែកជីវភាពដោយសារជំងឺ កូវីដ-១៩៕