សម្ដេច ស ខេង ណែនាំដល់អភិបាល រាជធានី-ខេត្ត ឲ្យបន្តរៀបចំវេទិកាពិគ្រោះយោបល់តាម មូលដ្ឋានឡើងវិញ ដោយជួបជុំមិនលើសពី ៥០នាក់
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ ដល់អភិបាល រាជធានី-ខេត្ត ឲ្យបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមមូល ដ្ឋានជាធម្មតាឡើងវិញ ដោយមានការជួបជុំមិនឲ្យលើសពី៥០នាក់។
យោងតាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីបន្តជំរុញឲ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ព្រមទាំងរួមចំណែកក្នុងការបង្ការទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖
ទី១-ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមមូលដ្ឋាននីមួយៗជាធម្មតា ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី២-ចំពោះសមាសភាពចូលរួមវេទិកានេះ ត្រូវរៀបចំតាមរូបភាពតូចៗដោយកំណត់តំណាងអ្នកចូលរួមមួយលើកៗមិនលើសពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរោតត្បាត នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ ដូចជា៖ មានការត្រួតពិនិត្យកំដៅ មានទឹកអាល់កុង ឬជែលសម្រាប់លាងដៃ ត្រូវពាក់ម៉ាស ឬប្រើក្រមា កន្សែង រក្សាគម្លាតសុវត្តិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
ទី៣-រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញសមាសភាពតំណាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកានេះ។
ទី៤-ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់កាតត្បាតនៃជំងឺកូវីដ-១៩៕EB
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ៖