អ្នកនាំពាក្យ គណបក្សប្រជាជន ថា ជំនួបរវាងសម្ដេចតេជោ និងលោក កឹម សុខា មិនមែនជារឿងនយោបាយ និងមិនអាចឈានទៅដល់ការដោះលែង
ភ្នំពេញ៖ ទាក់ទិននឹងជំនួបទ្វេភាគី រវាងលោកកឹម សុខាអតីតមេបក្សប្រឆាំង ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកាលពេលកន្លងមកនេះ មិនមែនជារឿងនយោបាយ និងមិនអាចឈាន ទៅដល់ការដោះលែង ឬមួយលុបចោល ការអនុវត្តច្បាប់ចំពោះលោក កឹម សុខានោះទេ ។ នេះបើតាមការបញ្ជាក់ ពីលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា។
លោកសុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះ តាមទូរស័ព្ទថា ការជួបគ្នារវាងសម្តេច តេជោ ហ៊ុន សែន ជាមួយលោក កឹម សុខា គឺមិនមែន ជារឿងនយោបាយនោះទេ គឺគ្រាន់តែជាមនោសញ្ចេតនា ដែលលោកកឹម សុខា អញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ធឧបាសិកា ដែលជាម្តាយក្មេក សម្តេចតេជោ ហ៊ុន សែន ។
លោកបញ្ជាក់ថា៖ «យើងឃើញថា ពិធីបានបញ្ចប់៣ ឬ៤ថ្ងៃហើយគ្មានប្រែប្រួលនោះទេ តែវាគ្រាន់តែបង្ហាញ ពីមនោសញ្ចេតនា ក្នុងការរួមចំណែកមរណទុក្ខ ប៉ុណ្ណោះទេ»។ យ៉ាងណាក្តី អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានអះអាងការជួបគ្នា រវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខាក៏ជាការល្អ ព្រោះថាសម្តេចតេជោ មិនចាត់ទុកលោកកឹម សុខា ដែលជាមេដឹកនាំ បក្សប្រឆាំងជាខ្មាំងសត្រូវនោះទេ។ ក៏ប៉ុន្តែមិនអាចយកការជួប ដើម្បីដោះលែង ឬមួយលុបចោល ការអនុវត្តផ្លូវច្បាប់នោះទេ។ អ្នកដែលធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដដែល ព្រោះថា យើងបានប្រកាសថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរួចហើយ ។
ឆ្លើយនឹងសំណួរ ថាតើលោកកឹម សុខា អាចនឹងត្រូវបានលើកលែងទោសឬទេ នៅពេលសាលាឧទ្ធរណ៍ បើកសវនាការនៅពេលខាងមុខនេះ លោកសុខ ឥសានបាន បញ្ជាក់ថា៖ «ខ្ញុំយល់ថា លោកកឹម សុខាមិនទាន់ក្លាយជាទណ្ឌិត ឬអ្នកទោសនោះទេព្រោះ តុលាការមិនវិនិច្ឆ័យ ឬកាត់ក្តីឲ្យជាប់គុក ប៉ុន្មានឆ្នាំឯណា? អីចឹងគាត់មិនមែនទណ្ឌិតនោះទេ ហើយការលើកលែងទោស ត្រូវទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូរបន្ថយ មានករណីទណ្ឌិតនោះទេ ។ ដូច្នេះមនុស្សមិនទាន់ មានទោសផងយើងលើក លែងទោសយ៉ាងម៉េចកើត»។
លោកបន្ថែមថា ករណីលោកកឹម សុខា កំពុងស្ថិតក្នុងដៃតុលាការ ធ្វើតាមនីតិវិធីនៅឡើយ ដូច្នេះយើង មិនអាចសន្និដ្ឋានបានមុននោះទេ ។ យើងរង់ចាំមើលលទ្ធផលរ បស់តុលាការ ក្នុងការអនុវត្តន៍នីតិវិធី សួរឆ្លើយនោះ យើងនឹងដឹងហើយ។
ចំណែកលោកស្រី ម៉េង សុភារី មេធាវីការពាក្តីឲ្យលោក កឹម សុខា ក៏បានចូលរួមពិធីបុណ្យសពម្តាយក្មេក សម្តេចតេចជោ ហ៊ុន សែនជាមួយលោកកឹម សុខាដែរ។ ពេលនោះលោកស្រី បានអង្គុយឆ្ងាយពីកន្លែង ជំនួបរវាងសម្តេច តេជោ និងលោកកឹម សុខា ដោយជាហេតុ មិនអាចស្តាប់ឮការជជែកពិភាក្សាគ្នា រវាងសម្តេច តេជោ និងលោកកឹម សុខានោះទេ ព្រមទាំងមានសំឡេងមេក្រូទៀតផង។
យ៉ាងណាក្តីលោកស្រី មេធាវីក៏បញ្ជាក់ថា៖ «ដូចអ្វីដែលខ្ញុំធ្លាប់ប្រាប់ អ្នកសារព័ត៌មានផ្សេងៗអីចឹងដែរ គឺឺនៅក្នុងអំឡុងពេលនេះ ដោយសារមានសំឡេងបុណ្យផង ហើយខ្ញុំអង្គុយរាងឆ្ងាយ គឺខ្ញុំមិនអាចស្តាប់ឮ រវាងការសន្ទនារវាងសម្តេច តេជោ និងលោកកឹម សុខាទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងពីគោលបំណង លោកកឹម សុខាទៅគឺ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាដែលជាម្តាយក្មេក របស់សម្តេចតេជោ ហើយក៏ដូចជាចូលរួមរំលែកនូវមរណទុ ក្ខ ក្រុមគ្រួសាររបស់សម្តេចផង និងការសួរសុខទុក្ខផង»។
ទោះបីជាសួនាំពាក់ព័ន្ធថា លោកទាំងពីរមានជជែកគ្នា រឿងបញ្ហានយោបាយឬទេ? អ្នកស្រី មេធាវីបានអះអាងអ្នកស្រី មិនអាចសន្និដ្ឋានបាននោះទេ ព្រោះអ្នកស្រីស្តាប់មិនឮ ប៉ុន្តែក្នុងនាមជាមេធាវី អ្នកស្រីស្វាគមន៍ ចំពោះជំនួបរវាងសម្តេច តេជោ និងលោកកឹម សុខា នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។
សូមរំលឹកថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិបានដឹកនាំសមាជិក របស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ។ ក្រោយពីគោរពវិញ្ញណក្ខន្ធរួចហើយ សម្តេច តេជោ និងលោកកឹម សុខាបានជួបសន្ទនាគ្នា អស់រយៈពេលប្រមាណ៥០នាទី ប៉ុន្តែជំនួបនោះ មិនត្រូវបានគេដឹងថា ជជែកអំពីអ្វីខ្លះនោះទេ៕ E B