សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីប្រគល់ និងទទួលមេដាយជ័យលាភីស៊ីហ្គេម ២ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនីដណ្តើមបានលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីដំកល់ទុកស្នាដៃមេដាយទាំងអស់នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការដំកល់ស្នាដៃនេះ មានដូចជាមេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំងពីរលើកនេះ។

លោកបន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែដំកល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃខាងមុខ អាចនឹងដំកល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀតផង។

សូមបញ្ជាក់ថា មេដាយស៊ីហ្គេម២ជំនាន់នេះ មានចំនួន៨គ្រឿង ក្នុងនោះរកបានពីស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ី ចំនួន៤គ្រឿង ក្នុងនោះមានមេដាយមាស១ ដណ្តើមបានដោយកីឡាករ ឃុន ឌីម៉ា, ប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ ម៉ឺន សុភា និងសំរឹទ្ធ២គ្រឿង។ ចំពោះស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ ដណ្តើមបានសំរឹទ្ធ៤គ្រឿង ក្នុងនោះ១គ្រឿងបានពីកីឡាប្រដាល់ឃីកបុកស៊ីង (Kick-Boxing)៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ