យកលុយដុល្លារក្លែងក្លាយចាយយ៉ាងហ៊ីហារ សមត្ថកិច្ចចាប់វាយខ្នោះ
បុរសជាអ្នកក្រុងពោធិ៍សាត់ម្នាក់ ជិះម៉ូតូយកលុយដុល្លារក្លែងក្លាយទៅចាយវាយធ្វើឯងហ៊ីហារនៅស្រុកភ្នំក្រវាញ ត្រូវបានកម្លាំងនគរបាល ក្របួចជាប់ និងរកឃើញប្រាក់ដុល្លារក្លែងក្លាយចំនួន៤៧សន្លឹក។
ករណីឃាត់ខ្លួនជនសង្ស័យចាយលុយដុល្លារក្លែងក្លាយនេះ បានធ្វើឡើងនៅវេលាម៉ោង១២ និង២០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ តាំង តាយ ជិះម៉ូតូ១គ្រឿងម៉ាក MSX ពាក់ស្លាកលេខ ពោធិសាត់ 1F 7767 បានយកលុយដុល្លារក្លែងក្លាយ២០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតចំនួន ១ដុល្លារ ពីអ្នកលក់ឈ្មោះ ខែក ធារៈ ភេទស្រី នៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ រួចជនសង្ស័យបានបន្តចាយលុយដុល្លារក្លែងក្លាយ១០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតអ្នកលក់ឥវ៉ាន់ម្នាក់ទៀតឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិ.ឃុំជាមួយអ្នកលក់ទី១៕
ក្រោយធ្វើសកម្មភាព ជនសង្ស័យដឹងខ្លួន បានជិះម៉ូតូគេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបាន ឆែកឆេររកឃើញក្រដាសប្រាក១០ដុល្លារក្លែងក្លាយ ចំនួន៣២សន្លឹក , ក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ចំនួន០៣សន្លឹក, ក្រដាសប្រាក់ដុល្លារ៥០ក្លែងក្លាយ ចំនួន០៩សន្លឹក ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយ ចំនួន០៣សន្លឹក ។ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕SS