ភ្នំពេញ ៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា មានលេខរៀងលេខ១៨ ។ ពិធីចាប់លេខរៀងនេះ ធ្វើឡើងនៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកល លើកដំបូងបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបាននិមិត្តឡើងនៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ