ភ្នំពេញ ៖ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋកូរ៉េ បានទទួលស្គាល់នូវភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំង ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងសាងសង់ឲ្យទាន់ពេលវេលាតាមការគ្រោងទុក។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០
លោក Park Heung-Kyeong មានប្រសាសន៍ថា "បានទទួលស្គាល់នូវភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យគម្រោងនេះបានអនុវត្តទាន់ពេលវេលាតាមការគ្រោងទុកប្រកបដោយគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង"។
ចំណែក លោក ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព រឹងមាំ និងវិស័យអាទិភាពសំខាន់ៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ក៏ដូចជាប្រជាជនកូរ៉េដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យមានការរីកចម្រើននាពេល កន្លងមក។
ឆ្លៀតឱកាស នោះ ដែរ ឯកអគ្គរដ្ឋទូតកូរ៉េ បានស្នើសុំ ឲ្យក្រសួងសាធារណការ ផ្តល់ការគាំទ្រ និងកិច្ចសហការលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជួយដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ជាការឆ្លើយតប រដ្ឋមន្ត្រី សាធារណការ បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាល កូរ៉េក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យមានការរីកចម្រើននៅក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕E B