ធនាគារពិភពលោក អនុម័តឥណទាន ២០លានដុល្លារ សម្រាប់ជួយកម្ពុជាឆ្លើយតប ទៅនឹងការរាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹក ប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតប ជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនគារពិភពលោកនៅព្រឹក ថ្ងៃ ទី ៣ មេសា នេះថា ឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈ យន្តការសេវារហ័ស ក្នុងពេលមានការរាលដាលកូវីដ-១៩។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មាន ប្រសាសន៍ថា «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការ ឆ្លើយតបទៅនឹង ស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និង ឧបករណ៍ សម្ភារៈពេទ្យ ចាំបាច់ នានា ដើម្បីយកមក ធ្វើតេស្តរករោគសញ្ញា និង ព្យាបាល ជំងឺកូវីដ-១៩, កាត់បន្ថយការ រាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និង សេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។
លោកស្រីបន្ដថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុង ផែនការមេកូវីដ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឱ្យបានរហ័ស, ការត្រៀមលក្ខណៈ និង ការឆ្លើយតបទៅនឹងជំងឺ។គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់ មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យ បង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។
លើសពីនេះ គម្រោងក៏នឹង ជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាល អ្នកជំងឺ និង ទប់ស្កាត់ការរាលដាល នៃការឆ្លងមេរោគ។ ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់ វិធានការដាក់ពង្រាយ ឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាល បុគ្គលិក បន្ថែម, ពង្រឹង សមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិង ឆ្លើយតប ជំងឺកូវីដ-១៩ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត។
គម្រោងឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នេះ បំពេញបន្ថែមដល់ ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោក កំពុងជួយជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោងលើកកម្ពស់សមធម៌ និង គុណភាព សុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាព របស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលមានគុណភាព។
បន្ថែមពីនេះទៀត ធនាគារពិភពលោក រំលឹកថា កាលពីសប្តាហ៍កន្លងទៅ ថវិកា ១៤លានដុល្លារអាមេរិក របស់គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញ រថយន្ត សង្គ្រោះនិង គ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិ ឱ្យ មានសមត្ថភាពឆ្លើយតបបានរហ័សទៅនឹង ការរាលដាលនៃជំងឺកូវីដ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិ ពី ផ្នែកនានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅ បំពេញភាពចាំបាច់ សម្រាប់ធ្វើការ ឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង៕