ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) ទើបតែអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។
ការបញ្ជាក់អំពីការអនុម័តថវិកានេះ បានធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-សហភាពអឺរ៉ុប និងការរួមចំណែកដ៏សំខាន់របស់ សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី សហភាពអឺរ៉ុបអំពីការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។
ជាការឆ្លើយតប លោកស្រី Urpilainen បានជម្រាបអំពីឆន្ទៈរបស់ សហភាពអឺរ៉ុប ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ បន្ថែមពីនេះ លោកស្រី Urpilainen ក៏បានឲ្យដឹងដែរថា សហភាពអឺរ៉ុប ទើបតែបានអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យ អប់រំនៅកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ