និស្សិតស្រីខ្មែរម្នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ខណៈរូបនាងកំពុង ដូរជើងហោះហើរ ឆ្ពោះមកកាន់ស្រុកកំណើត បន្ទាប់ពីបានចាកចេញពីប្រទេសអង់គ្លេស។នេះបើយោងតាមឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០២ ខែឧសភានេះ។

ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ថា និស្សិតស្រីខ្មែររូបនេះ មានអាយុ២១ឆ្នាំ កំពុងសិក្សានៅចក្រភពអង់គ្លេស ធ្លាប់មានអាការៈផ្តាសាយ ទើបក្រុមគ្រួសារឲ្យរូបនាង មកលេងស្រុកខ្មែរ ស្របពេលសាលាឲ្យសិស្សទាំងអស់ សម្រាកការសិក្សា។ លុះធ្វើដំណើរចេញពីប្រទេសអង់គ្លេស ហើយត្រូវដូរជើងហោះហើរ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យទី២៦ ខែមេសា ស្រាប់តែអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រកឃើញថា នាងមានផ្ទុកជំងឺកូវីដ-១៩។

ឯកឧត្តម ឡុង ឌីម៉ង់ បានបន្ថែមថា និស្សិតស្រីរូបនេះ បានឆ្លងជំងីកូវីដ-១៩ តាំងពីនៅអង់គ្លេសមកម្ល៉េះ ហើយភ្លាមៗខាងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បាននឹងកំពុងព្យាបាលរូបនាង ដោយយកចិត្តទុកដាក់បំផុត។ ឯកឧត្តម ថា រហូតមកដល់ថ្ងៃនេះ សុខភាពរបស់និស្សិតខ្មែររូបនេះ មានភាពល្អប្រសើរ ហើយពេលណាបានជាសះស្បើយ ទើបគ្រូពេទ្យអនុញ្ញាតឲ្យបន្តដំណើរមកកាន់កម្ពុជា តែពេលមកដល់ស្រុកកំណើតវិញ ក៏ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ