កូនបានយកអង្រែបុកអង្ករវាយទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់ មូលហេតុខឹងឪពុកមិនលើកទូរស័ព្ទ ពេលត្រឡប់មកផ្ទះវិញ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកថ្មពួកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេងនៅ ភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បានផឹក ស៊ី ហើយបានខលទូរស័ព្ទមកឪពុក នៅផ្ទះតែឪពុកមិនបានលើក ។
ពេលកូនអកត្តញូនេះមកដល់ផ្ទះក៏រករឿងកើតជាជម្លោះ ឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ។
ពេលនោះដោយអំណាចស្រា ជនសង្ស័យ ទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុកខ្លួន ចំកញ្ចឹង ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវ ។ ជនដៃដល់ក្រោយពីវាយទៅលើឪពុកហើយក៏បានរត់គេចខ្លួន ។
ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ រស់នៅ ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំណែកកូនអកត្តញូ ជាជនដៃដល់ឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ ។
បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវ ស្វែងរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមនីតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ