ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤ លានដុល្លារអាមេរិក ដល់រាជរដ្ឋា ភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន ៣ ។
នៅរសៀលថ្ងៃទី៥ មិថុនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ប្រមាណ ៤១,៤លានដុល្លារ នៅទីស្ដីការក្រសួងការបរទេស ។
ក្នុងពិធីចុះហត្ថលេខានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ហិរញ្ញប្បទាន ឥតសំណងដែលមានទឹកប្រាក់ប្រមាណ ៤១,៤លានដុល្លារ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា គឺសម្រាប់អនុវត្តគម្រោងចំនួន ៣ដូចជា៖
១.ទឹកប្រាក់ចំនួន ៣៤៨ លានយ៉េន ប្រមាណ ៣,២ លាន ដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ សម្រាប់មន្រ្តីកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។
២.ទឹកប្រាក់ចំនួន ២.១៥៣ លានយ៉េន ប្រមាណ ១៩,៨ លានដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរឡើង នៃមណ្ឌលសុខភាព សម្ភារៈវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។
៣.ទឹកប្រាក់ចំនួន ២.០០០ លានយ៉េន ប្រមាណ ១៨,៤លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា៕EB