ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សព្វថ្ងៃនេះមានរោងចក្រ ចំនួន២០ នៅខេត្តព្រះសីហនុ សុំព្យួរការងារ ដោយសារជំងឺ កូវីដ-១៩ ហើយក៏មានរោងចក្រ មួយចំនួនបន្តការងារធម្មតាផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្តព្រះសីហនុ»នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន បានថ្លែងថា ខេត្តព្រះសីហនុមានតំបន់ សេដ្ឋកិច្ចពិសេស ចំនួន១០កន្លែង ប៉ុន្តែបច្ចុប្បន្ននេះ ដំណើរការបាន៤កន្លែង តែប៉ុណ្ណោះដោយ រោងចក្រមួយចំនួនបានបិទទ្វារដោយសារខ្វះវត្ថុធាតុដើម ដែលបណ្តាលមកជំងឺកូវិដ-១៩។
លោកបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសទំាង៤កន្លែង ដែលកំពុងតែដំណើរការនោះកំពុង តែសម្រុកការងារផលិតរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ហើយអាជ្ញាធរក៏បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុនខិតខំបន្ថែមទៀតផងដែរ។
លោក បញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាបញ្ហាកូវីដ បានប៉ះពាល់មកដល់ពេលនេះ ឃើញថាមានការប្រឈមខ្លះ គឺមានរោងចក្រត្រឹមតែជាង២០ប៉ុណ្ណោះ ដែលបានសុំព្យួរការងារ ហើយ មាន ប៉ះពាល់ដល់កម្មករការងារយ៉ាងច្រើន ក៏ប៉ុន្តែយើងនៅតែបានឃើញថា បណ្តារោង ចក្រមួយ ចំនួនសុំថែមម៉ោងអញ្ចឹង មានន័យថាគាត់នៅមានសមត្ថភាពផលិតកន្លែងខ្លះ ដែលគាត់នៅមានការបញ្ជាទិញកន្លែងខ្លះដែលគាត់មានវត្ថុធាតុដើមគាត់ត្រូវការដើម្បីផ្គត់ផ្គង់»។
លោករៀបរាប់ថា ខេត្តព្រះសីហនុមានរោងចក្រ ផលិតសម្ភារៈសុខាភិបាល ហើយខេត្តក៏បានលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់បង្កើននៅការផលិតវាបានរួមចំណែកដើម្បី ផ្តល់ឲ្យសុខមាលភាពដល់ប្រជាពលរដ្ឋ៕EB