ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា មេសហជីពមួយរូបបានអះអាងថា ក្រុមកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរ ឃែនធើរេន បានបន្តធ្វើបាតុកម្ម បន្ទាប់ពីថៅរោងចក្រ មិនព្រមឯកភាព ជាមួយតំណាងសហជីព និងតំណាងក្រសួងការងារ។
លោក ប៉ា ស៊ីណា ប្រធានសហភាពចលនាកម្មរកម្ពុជា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ថា កម្មករ-កម្មការិនីនៅរោងចក្រកាត ដេរ ឃែនធើរេន នៅតែបន្តការធ្វើកូដកម្ម ដោយសារ ភាគីក្រុមហ៊ុន បានសន្យាថា ប្រាក់ឈ្នួលនៅសល់ក្រុមហ៊ុន នឹងបើកជា២វគ្គ គឺបើកទី១ នៅថ្ងៃទី២៨ នេះ និងលើកទី២ បើកនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ តែ ក្រុមហ៊ុនមិនឯកភាពធ្វើកិច្ចព្រមព្រៀងជាមួយតំណាងសហជីព កម្មករ និងមន្រ្តីសម្របសម្រួល របស់ក្រសួងការងារនោះទេ ដែលជាហេតុធ្វើឲ្យកម្មករ លែងមាន ទំនុកចិត្តចំពោះក្រុមហ៊ុន ទើបនាំបន្តការធ្វើកូដកម្ម។
លោកថា ក្រុមកម្មករផ្ទុះការតវ៉ា ក្នុងករណីថៅកែ បើកប្រាក់ឈ្នួលមិនគ្រប់ចំនួន កាលព្រឹកថ្ងៃ២៦ ឧសភា ។ កម្មករមានជាង៣០០នាក់ បម្រើការងារ នៅរោងចក្រកាត់ដេរ ឃែនធឺរេន ស្ថិតនៅទីតាំងតាមបណ្ដោយផ្លូវវេងស្រេង ។
លោកបន្តថា តំណាងសហជីព ចលនាកម្មករ ដែល បម្រើការងារនៅរោងចក្របានឲ្យដឹងថា សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុន បើកប្រាក់ឈ្នួលឲ្យបានតែ ១២ ដុល្លារប៉ុណ្ណោះ ចំណែកកម្មករធ្វើការ រយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះ មិនគ្រប់ទៅតាមប្រាក់ឈ្នួល ដែលពួកគាត់ត្រូវទទួលបាននោះទេ។
ប្រភពបន្តថា នាប៉ុន្មានខែចុងក្រោយនេះ ថៅកែតែងតែបើកប្រាក់ឈ្នួល ឲ្យកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យផ្ទុះការតវ៉ាមិនព្រម ធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការបើកប្រាក់ឈ្នួលឲ្យបានគ្រប់និងទៀងទាត់ដូច កាលពីពេលកន្លងមក៕ E B