ឪពុកម្តាយ និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅមុខសាលារៀន ដើម្បីស្នើសុំឲ្យសាលារៀនស៊ីអាយអេធ្វើការបញ្ចុះតម្លៃសិក្សា៥០ភាគរយ ក្នុងដំណាក់កាលនៃកូវីដ១៩។អាណាព្យាបាលសិស្សជាច្រើននាក់ បានបញ្ជាក់ថា ការស្នើសុំឲ្យសាលារៀនបញ្ចុះតម្លៃ៥០ភាគរយនេះ ដើម្បីសម្រាលការលំបាករបស់ពួកគាត់ គ្រាដែលវិបត្តិកូវីដ១៩ នៅបន្តអូសបន្លាយដោយមិនដឹងពេលណាបញ្ចប់។ លោក ប៉ា ចំរើន ជាអាណាព្យាបាលសិស្សម្នាក់ បានបញ្ជាក់ថា ការបង្រៀនតាមអន ឡាញសម្រាប់សិស្សតូចៗ គឺមិនបានពេញលេញនោះទេ មួយថ្ងៃបានមួយម៉ោងទៅ មួយម៉ោងកន្លះ ហើយឪពុកម្តាយត្រូវនៅបង្រៀន និងណែនាំដល់ កូនៗ ក្នុងពេលសិក្សាថែមទៀត។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការរកចំណូលផ្សេងក៏មិនងាយស្រួលនោះដែរ ធ្វើឲ្យការបង់ថ្លៃសាលារៀន ខ្ទង់ពាន់នេះ គឺអាណាព្យាបាលមិនអាចរត់រួចនោះទេ។ នៅក្នុងញ្ញត្តិរបស់អាណាព្យាបាលសិស្ស ស្នើពីរចំណុចគឺ១-ស្នើអោយសាលាផ្អាករៀនអនឡាញ ប្រសិនបើសាលានៅតែគិតថ្លៃសិក្សា១០០% ២-គាំទ្រការរៀនអនឡាញតទៅទៀត ប្រសិនបើសាលាគិតថ្លៃសិក្សា ៥០% ។នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ CIA First កាលពីម្សិលម៉ិញ បានបញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយអាណាព្យាបាលសិស្សជាច្រើនលើក សាលារៀនបានសម្រេចបញ្ចុះតម្លៃសម្រាប់ថ្នាក់មតេយ្យសិក្សា សម្រាប់ K3+K4+K5 ចំនួន២៥ភាគរយ និងសម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី ១២ បញ្ចុះតម្លៃ១៥ភាគរយ។ សាលារៀនស៊ីអាយអេ ថែមទាំងសុំការយោគយល់ពីអាណាព្យាបាលសិស្សទាំងចំពោះផលវិបាករបស់សាលារៀន ដែលនេះជាការដោះស្រាយអស់លទ្ធភាពរបស់សាលារៀនហើយ។ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ឆ្លើយតបចំពោះការស្នើសុំរបស់អាណាព្យាបាលទៅលើការបញ្ចុះតម្លៃនេះនោះទេ៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ