ក្រោយដាក់ឱ្យនៅដាច់រយៈពេល១៤ថ្ងៃ អ្នកប៉ះពាល់ជាមួយបុគ្គលវិជ្ជមានCOVID-19ទាំង៧នាក់ ក្នុងខេត្តសៀមរាប បានត្រឡប់ទៅផ្ទះហើយ
ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តខេត្តសៀមរាបថា បើគិតមកដល់ថ្ងៃនេះក្នុងខេត្តសៀមរាបបានបញ្ចប់នូវការតាមដាន ដោយដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមានមេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប (បានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ រដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈខេត្តសៀមរាបនឹងខិតខំបន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លងមេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមពលរដ្ឋដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យអនុវត្តនូវវិធានការរស់នៅដោយឡែក រយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន៕SP