ពិធីច្រត់ព្រះនង្គ័ល ជាទំនៀមទម្លាប់ពីបុរាណដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី៤រោចខែពិសាខ ដើម្បីជាប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។ព្រះមហាក្សត្រខ្មែរ យកព្រះទ័យទុកដាក់ចំពោះពិធីនេះណាស់ ដោយពីអតីតកាល ទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ប៉ុន្តែសម័យក្រោយៗមក ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ។នៅក្នុងព្រះរាជពិធីមង្គលនេះ ជារៀងរាល់ពេលដែលគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខរួចហើយ ប្រជារាស្ត្រខ្មែរតែងតែនាំគ្នាយកសំណល់អាហារជាអាថិ៍ដូចជា ស្រូវ សណ្ដែក ពោត និងល្ងជាដើម ដើម្បីរក្សាទុក ដោយមានជំនឿថា សំណល់អាហារទាំងនោះ នឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗ។
ចំណែកប្រជានុរាស្ត្រដែលចិញ្ចឹមជីវិតដោយរបរកសិកម្មវិញ តែងតែជឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះ ទៅរួមផ្សំជាមួយគ្រាប់ពូជដែលពួកគេត្រូវបង្កបង្កើនផលនារដូវខាងមុខ នោះរបរកសិកម្មរបស់ពួកគេនឹងចម្រុងចម្រើន ទទួលបានទិន្នផលខ្ពស់ជាដើម។ ដោយឡែក ការទស្សន៍ទាយនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានប្រជាកសិករតាំងពីបុរាណកាល ជឿជាក់និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។
ជាការពិត ពិធីច្រត់ព្រះនង្គ័លគឺជាជំនឿរបស់ប្រជារាស្ត្រ ជាពិសេសប្រជាកសិករ។ ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ គេមិនអាចបដិសេធបានទេនូវភាពថមថយនៃជំនឿរបស់កសិករចំពោះ ព្រះរាជពិធីច្រង់ព្រះនង្គ័ល។ ជំនឿដែលថមថយនោះទៀតសោត ចម្បងបំផុតគឺដោយសារតែភាពជឿនលឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យា។
ជំនឿនិងវិទ្យាសាស្ត្រ ជារឿងពីរផ្សេងគ្នា។ ជំនឿរបស់ប្រជាកសិករចំពោះពិធីច្រត់ព្រះនង្គ័លជារឿងមួយ។ ចំណែកឯការប្រែប្រួលអាកាសធាតុនិងបញ្ហាវិទ្យាសាស្ត្រជារឿងមួយផ្សេងទៀត។ រឿងទាំងពីរនេះ ពិបាកនឹងដើរស្របគ្នារហូតណាស់។ ដូច្នេះហើយ បើទោះបីជាទំនាយទាយថាល្អ ប៉ុន្តែប្រសិនបើមិនសូវមានទឹកភ្លៀង ដំណាំកសិកម្មក៏ពិបាកនឹងទទួលទិន្នផលល្អប្រសើរដែរ។មួយវិញទៀត ខណៈដែលប្រជាកសិករខ្មែរមួយចំនួនធំ បានងាកមកប្រើគោយន្តនៅក្នុងការដាំដុះរបស់ខ្លួន សួរថាតើការផ្សងប្រផ្នូលភោគផលកសិកម្មដោយសត្វគោមួយនឹម នៅអាចយកជាការបានកម្រិតណា?ការថមថយនៃភាពស័ក្តិសិទ្ធិនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ប្រហែលជាអាចបណ្ដាលមកពីស្ដេចមាឃ ដែលសព្វថ្ងៃមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័ល ខុសពីអតីតកាលដែលព្រះមហាក្សត្រយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ សម្រាប់សង្គមខ្មែរ ព្រះមហាក្សត្រមានឥទ្ធិពលនិងភាពស័ក្តិសិទ្ធិខ្លាំងណាស់នៅក្នុងក្រសែភ្នែកប្រជានុរាស្ត្រ។ ការយាងជាស្ដេចមាឃ ដើម្បីច្រត់ព្រះនង្គ័លដោយអង្គឯងរបស់ព្រះមហាក្សត្រ គឺពិតជាមានអត្ថន័យនិងបង្កប់នូវឥទ្ធិពល ព្រមទាំងជំនឿយ៉ាងខ្លាំងក្លា នៅក្នុងផ្នត់គំនិតរបស់ប្រជានុរាស្ត្រ។ ប៉ុន្តែ បវេណីប្រែក្លាយ។ សព្វថ្ងៃ ស្ដេចមាឃគ្រាន់តែជាមន្ដ្រីជាន់ខ្ពស់ ដែលត្រូវបានចាត់ឲ្យតំណាងព្រះមហាក្សត្រ ដើម្បីច្រត់ព្រះនង្គ័លតែប៉ុណ្ណោះ។ នេះអាចជាមូលហេតុមួយដែរ ដែលធ្វើឲ្យជំនឿចំពោះព្រះរាជពិធីច្រង់ព្រះនង្គ័លថមថយជាងមុន។
បើទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាជំនឿថយចុះខ្លះក៏ដោយ ក៏ទំនៀមទម្លាប់បវេណីច្រត់ព្រះនង្គ័លនេះ នៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរជានិច្ច។ ទំនៀមទម្លាប់ប្រពៃណីនេះ បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងអារម្មណ៍របស់មនុស្សខ្មែរគ្រប់ជំនាន់ រហូតក្លាយជាអត្តសញ្ញាណដែលពិបាកនឹងលុបបំបាត់។ ដូច្នេះការអភិរក្សនិងថែរក្សាទំនៀមទម្លាប់បវេណី ដែលកើតមានតាំងពីច្រើនជំនាន់មកហើយនោះ គឺជារឿងចាំបាច់ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងដើម្បីឲ្យកូនខ្មែរព្រមទាំងពិភពលោកទាំងមូលបានស្គាល់និងយល់ដឹង៕ដោយPP