ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកពីអតីតកាលថា ក្នុងទស្សវត្សរ៍៦០ ប្រាក់ចំណូលរបស់ប្រទេសកម្ពុជាមានរហូតដល់ ២៦៧ដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូង មានត្រឹមតែ ៧២ដុល្លារប៉ុណ្ណោះ ក្នុងប្រជាពលរដ្ឋម្នាក់ៗ។

នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប្រទេសកម្ពុជា ជឿនលឿនទៅមុខបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ព្រោះថា កម្ពុជា ធ្លាប់មានបទពិសោធន៍ ដោយសារសង្គ្រាមបានបំផ្លាញធនធានមនុស្ស ធ្វើឱ្យកម្ពុជា ជាប្រទេសក្រីក្រ។

សម្ដេចតេជោ បន្ដថា ប្រទេសមួយចំនួនគ្មានធនធានធម្មជាតិ តែគេបានក្លាយទៅជាអ្នកមានបាន ដោយសារប្រទេសនោះ ដើរនយោបាយត្រឹមត្រូវ និងមានធនធានមនុស្សគ្រប់គ្រាន់ផងដែរ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សម្រាប់យើង (កម្ពុជា) ក៏ដូចគ្នាដែរ គឺយើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស។ កំហុសខាងនយោបាយ គឺស្អី? គឺនៅត្រងថា រដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នោះហើយ គឺការចាប់ផ្ដើមវិនាសកម្ម»។

សម្ដេចតេជោ បន្ថែមថា ប្រទេសកម្ពុជា ក្នុងទស្សវត្សរ៍៦០ បើប្រៀបធៀបទៅនឹងកូរ៉េត្បូង ប្រាក់ចំណូលរបស់កម្ពុជាមាន ២៦៧ដុល្លារ ខណៈកូរ៉េត្បូងមានតែ ៧២ដុល្លារប៉ុណ្ណោះ ក្នុងមនុស្សម្នាក់។ ប៉ុន្ដែឥឡូវនេះ ប្រាក់ចំណូលរបស់កម្ពុជា មិនដល់ ២ពាន់ដុល្លារនោះទេ ក្នុងពេលកូរ៉េខាងត្បូងឡើងដល់ ៥ម៉ឺនដុល្លារ។ សម្ដេច ថា «បញ្ហានេះ ដោយសារតែដើរនយោបាយខុស រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទុកឱ្យ សម្តេច ព្រះនរោត្តម សីហនុ បន្ដដឹកនាំប្រទេសតទៅទៀត កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មឡើយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ