បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានលើកបញ្ជាក់ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលត្រូវធ្វើការពង្រឹង និងពង្រីកវិស័យធនធានមនុស្សនៅកម្ពុជាឱ្យបានច្រើន ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចម្រើនថែមទៀត ។

ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចក្រឡាហោម ស ខេង មានវត្តមានជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាវិទ្យាល័យជ្រៃ១ខ្នង មាន២ជាន់ ស្មើ១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

សម្តេចក្រឡាហោម បានលើកឡើងទៀតថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ និងជាកត្តាគន្លឹះដ៏សំខាន់ ដែលអាចបង្កើតនូវស្នាដៃនិងសមិទ្ធផលផ្សេងៗរាប់មិនអស់ ហើយនេះគឺជាឱកាសល្អ ដែលប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថិរភាពបែបនេះ ដែលនេះគឺជាមោទនភាពរបស់យើង ដែលយើងទាំងអស់គ្នាត្រូវតែឆក់យកឱកាសនេះ ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការពង្រឹង និងពង្រីកវិស័យធនធានមនុស្សរបស់ជាតិឱ្យបានច្រើនថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ