ល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង របស់ព្យុះ Hurricane Ian បក់បោកនៅទូទាំងរដ្ឋ Florida ធ្វើឱ្យប្រធានាធិបតីអាមេរិកព្រមានពីចំនួនអ្នកស្លាប់ ថានឹងមានការកើនឡើងច្រើន
(អាមេរិក)៖ ល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង របស់ព្យុះ Hurricane Ian ដែលបានបក់បោកនៅទូទាំងរដ្ឋ Florida បានបំផ្លិចបំផ្លាញស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ខណៈប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានអំពីចំនួនអ្នកស្លាប់ ថានឹងមានចំនួនច្រើន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ព្យុះ Hurricane Ian ដែលជាកម្លាំងខ្លាំងបំផុតមិនធ្លាប់មានវាយលុកសហរដ្ឋអាមេរិក ដោយបានបក់ឆ្ពោះទៅរដ្ឋ South Carolina បន្ទាប់ពីបានវាយលុករដ្ឋឆ្នេរសមុទ្រភាគខាងត្បូង ដែលអ្នកស្រុកជាច្រើនកំពុងរង់ចាំការជួយសង្គ្រោះនៅក្នុងផ្ទះដែលលិចទឹក។លោក Biden បាននិយាយបន្ទាប់ពីសន្និសីទខ្លីមួយនៅឯទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រាអាសន្នរបស់ FEMA ក្នុងទីក្រុងវ៉ាស៊ីនតោនថា "នេះអាចជាខ្យល់ព្យុះដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋផ្លរីដា" ។
លោកបាននិយាយបន្ថែមថា "មិនទាន់មានការបញ្ជាក់ផ្លូវការនោះទេ ប៉ុន្តែយើងកំពុងស្តាប់របាយការណ៍អំពីអ្វីដែលអាចជាការបាត់បង់ជីវិតយ៉ាងច្រើន"។ អភិបាលរដ្ឋផ្លរីដា Ron DeSantis បានពណ៌នាការបំផ្លិចបំផ្លាញនៅភាគនិរតីនៃរដ្ឋថាជា "វាជាព្រឹត្តិការណ៍ទឹកជំនន់មិនធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំមកហើយ" ។
រូបថតពីលើអាកាសនៃ Fort Myers ជាកន្លែងដែលខ្យល់ព្យុះបានបោកបក់ជាព្យុះប្រភេទទី ៤ ដ៏មានឥទ្ធិពលកាលពីថ្ងៃពុធ បង្ហាញពីការបំផ្លិចបំផ្លាញជាច្រើននៅក្នុងតំបន់។ផ្លូវថ្នល់ និងស្ពានត្រូវបានទឹកនាំទៅដោយរលកព្យុះ ហើយដើមឈើបានដួលរលំដោយខ្យល់បក់បោកមានកម្លាំងរហូតដល់ ១៥០ ម៉ាយក្នុងមួយម៉ោង (២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង)។
យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៦ នាក់ត្រូវបានបញ្ជាក់ដោយមន្ត្រីខោនធី ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងច្រើន ខណៈក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងស្វែងរកបន្ត។គួរបញ្ជាក់ថា ព្យុះ Hurricane Ian នឹងត្រូវប្តូរទៅជាព្យុះត្រូពិចប៉ុន្តែមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) បាននិយាយថា វាត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនូវកម្លាំងខ្យល់ព្យុះម្តងទៀត ហើយអជ្ញាធរបានចេញការព្រមានខ្យល់ព្យុះសម្រាប់ឆ្នេរសមុទ្រទាំងមូលនៃរដ្ឋ South Carolina ៕