នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿនក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ កំពុងទាញយកនូវប្រយោជន៍បច្ចេកវិទ្យាឌីជីថល សម្រាប់ជម្រុញ សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្តង់ដាររស់នៅ ការកំសាន្ត និងទំនាក់ទំនង។ ទោះជាយ៉ាងណា ភាពអវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល ក៏កំពុងកើតមានឡើងនៅពេលដំណាលគ្នា ពោលគឺជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា បានស្វែងរកចន្លោះខ្វះខាត ឬប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស ឬភេរវកម្មជាដើម។
ក្នុងបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) គឺជាគោលដៅយ៉ាងសំខាន់ ដែលត្រូវគាំពារក្នុងកម្រិតយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវសន្តិសុខសាធារណៈ ដែលរាប់បញ្ចូលទាំងលើផ្នែកហិរញ្ញវត្ថុ សុខមាលភាព សុវត្ថិភាព និងអាយុជីវិតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Critical Infrastructure) ទាំង១៤ រួមមាន៖
១- កសិកម្ម និងចំណីអាហារ
២- ថាមពល
៣- ទឹកស្អាត
៤- សុខាភិបាល
៥- ឧស្សាហកម្មគីមី និងសម្ភារៈដែលបង្កនូវគ្រោះថ្នាក់
៦- ឧស្សាហកម្មការពារជាតិ
៧- គ្រឿងបរិក្ខាររបស់រដ្ឋាភិបាល
៨- សម្ភារៈ និងកាកសំណល់
៩- ទូរគមនាគមន៍
១០- ធនាគារ និងហិរញ្ញវត្ថុ
១១- សេវាសង្គ្រោះបន្ទាន់
១២- ប្រព័ន្ធព័ត៌មានវិទ្យា
១៣- ការដឹកជញ្ជូន
១៤- ទំនប់ទឹក ឬទំនប់វារីអគ្គីសនី
ដើម្បីធានាបាននូវសុខមាលភាពសង្គម និងការពារពីការវាយប្រហារ ឬជ្រៀតចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីសំណាក់ជនខិលខូច ឧក្រិដ្ឋជន ឬភេរវករបច្ចេកវិទ្យា និងប្រើប្រាស់ប្រព័ន្ធទាំងនេះបង្កនូវផលប៉ះពាល់ ឬមហន្តរាយដល់សន្តិសុខសាធារណៈ ស្ថាប័នជំនាញ គួរសិក្សារៀបចំនូវយន្តការគ្រឹះចំនួន ០៥ ដូចខាងក្រោម៖
១- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (Cybersecurity Law)
២- កសាង និងធ្វើបច្ចុប្បន្នភាពច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cybercrime Law)
៣- អង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបង្កើតនូវយន្តការអភិបាលកិច្ចបច្ចេកវិទ្យា (Operation & Information Security Governance)
៤- កសាងនូវយន្តការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងកែលម្អ លើការអនុវត្តស្តីពីច្បាប់បទដ្ឋានគតិយុត្ត ពីសំណាក់បណ្តាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (Monitoring, Evaluating, and Improving)
៥- កសាងនូវយន្តការផ្សព្វផ្សាយអប់រំ ជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ។ (Collaboration & Awareness)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ