កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព។
ជាមួយនឹងការជម្រាបជូនអំពីសក្តានុពល និងការរីកចម្រើនដ៏ឆាប់រហ័សរបស់អារ៉ាប់ប៊ីសាអូឌីត, លោកប្រធានសភា ក៏បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សម្តេចបវរធិបតី ក៏បានរំឭកពីកិច្ចប្រជុំកំពូល អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC) ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះ គឺជាកាលានុវត្តភាពនៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្លុកទាំងពីរ (អាស៊ាន និងមជ្ឈិមបូព៌ា)៕