សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ប្រទេសកម្ពុជាធានាបានសន្តិសុខស្បៀងជូនប្រទេសពលរដ្ឋ ទោះបីបិទព្រំដែនជាមួយថៃ
ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីប្រទេសកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែនជាមួយប្រទេសក៏ដោយ ប៉ុន្តែកម្ពុជា ធានាបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋរបស់ខ្លួន។
នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បើទោះបីពិភពលោកកំពុងស្ថិត នៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជា នៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។
សម្តេចបវរធិបតី មានប្រសាសន៍ថា ចឹងនៅកម្ពុជាវិញ ទោះបីក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់ ក្នុងជំនន់កូវីដ-១៩ ក៏យើងធានាបានសន្ដិសុខស្បឿងរបស់យើង បញ្ហាផ្សេងៗសម្បីតែបញ្ហា ក្នុងការបិទច្រកព្រំដែនមួយចំនួន ក្នុងបញ្ហាបច្ចុប្បន្នយើងមានជាមួយប្រទេសជិតខាងនេះ ក៏កម្ពុជា មានលទ្ធភាព ក្នុងធានាបែបនេះ (ធានាសន្ដិសុខស្បឿង)។ ប៉ុន្ដែសួរថា កម្ពុជាធ្លាប់ប្រឈមជាមួយនឹងបញ្ហា សន្ដិសុខស្បឿង មាន»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជា ធ្លាប់ជួបប្រទះអស់ហើយ ទាំងបញ្ហាសន្ដិសុខស្បៀង សូម្បីកាល សម្ដេច នៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរ ដោយពេលនោះ ត្រូវទៅបើករបបនំប៉័ង និងអង្ករពីរបបឧបត្ថម្ភដោយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹថា ដោយអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។
ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ៕