ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់។ 

បើតាម លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង ១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ដែលចំណុចនេះមានន័យថា ករណីនាំជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។ 

លោកឧត្តមសេនីយ៍ឯក អគ្គនាយកបានឱ្យដឹងថា ករណីសង្ស័យបានស្ដែងឡើងជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង។ 

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរនិងស្រាវជ្រាវលម្អិត រហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចាញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ។ 

សូមបញ្ជាក់ថា ជាក់ស្ដែងក្នុងរយៈពេល៦ ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្រ្តីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន៧៨ករណី។ បើតាម លោក អគ្គនាយក ក្នុងចំណោមករណីសម្របសម្រួលទទួលទាំង៧៨នោះ មានមនុស្សសរុបមនុស្ស១៨៨ នាក់ ក្នុងនោះស្ត្រីរងគ្រោះមានរហូតដល់ទោ១៨៧ នាក់។ ក្នុងន័យនេះ លោក បានអំពាវនាវប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធ រួមគ្នាអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់បញ្ហានេះ ជាពិសេសស្ត្រីត្រូវប្រុងប្រយ័ត្នកុំជឿតាមការអូសទាញ នឹងត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចេញទៅក្រៅប្រទេសតាមបុគ្គលមួយចំនួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ