(ឡាវ)៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ប្រទេសឡាវ បានបញ្ជាឱ្យអាជ្ញាធរនៅទូទាំងប្រទេស ដាក់ទំនប់វារីអគ្គិសនីទាំងអស់ក្នុងប្រទេសស្ថិតក្រោមការឃ្លាំមើលកម្រិតខ្ពស់ និងដិតដល់បំផុត ពិសេសទំនប់ ដែលមានទឹកជិតពេញ ស្របពេល ព្យុះណូរុ (Typhoon Noru) កំពុងធ្វើដំណើរសំដៅទៅប្រទេសឡាវ។ នេះបើតាមការចេញផ្សាយរបស់កាសែតក្នុងស្រុក The Laotian Times នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ 

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានព្យាករណ៍ ថាព្យុះណូរុ នឹងបោកបក់មកលើប្រទេសឡាវ នៅរសៀលថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ ព្យុះណូរុ បាននឹងកំពុងបោកបក់ភាគកណ្តាលប្រទេសវៀតណាម កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ជាមួយនឹងល្បឿនខ្យល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបណ្តាលឱ្យមានភ្លៀងធ្លាក់ និងជំនន់ទឹកភ្លៀងនៅតំបន់នានា ក្នុងខេត្តក្រុងជាច្រើន ដូចជាទីក្រុង Da Nang និងបណ្តាលខេត្តជិតខាង ដូចជា ខេត្តQuang Tri ខេត្តThua Thien Hue ខេត្តQuang Nam ខេត្ត Quang Ngai និងខេត្តKon Tum។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ទំនប់វារីអគ្គិសនី មួយរបស់ឡាវ ឈ្នោះ Xe-Pian Xe-Namnoy hydropower project បានបាក់រលំ បណ្តាលឱ្យមនុស្ស ៣៥នាក់ស្លាប់ និងប្រមាណជា ៧ពាន់នាក់ បាត់បង់ទីលំនៅ។ រលកយ៉ាងធំ ចេញពីការបាក់រលំនៃទំនប់នេះ និងបានបោកបក់ពាសពេញភាគអាគ្នេយ៍ប្រទេសឡាវ ដោយលេបត្របាក់ភូមិ និងផ្ទះប្រជាជនទាំងស្រុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ