(ឥណ្ឌា)៖ ប៉ូលិសក្នុងប្រទេសឥណ្ឌា កំពុងស្វែងរកគ្រូបង្រៀនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានវាយសិស្ស រហូត ដល់ស្លាប់ ដោយសារកំហុសសរសេរអក្សរមិនត្រឹមត្រូវ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ 
 
មន្ត្រីបាននិយាយថា កាលពីដើមខែនេះ មានជនរងគ្រោះម្នាក់ឈ្មោះនីកហ៊ីលដរ (Nikhil Dohre) ត្រូវបានវាយដំបង និងទាត់រហូតដល់សន្លប់ បន្ទាប់ពីសរសេរពាក្យ"សង្គម"ខុស ក្នុងការប្រឡង។ នេះបើតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្មេងប្រុសអាយុ១៥ឆ្នាំនោះ បានស្លាប់ដោយសាររបួសធ្ងន់ ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅភាគខាងជើងរដ្ឋ អ៊ុតថា ផាដេស (Uttar Pradesh)។មន្ត្រីប៉ូលិស បានបញ្ជាក់បន្ថែមថា «ជន ជាប់ចោទកំពុងរត់គេចខ្លួន»។
 
គួរបញ្ជាក់ថា ហេតុការណ៍នេះបង្កឲ្យមានការតវ៉ាហិង្សាបានផ្ទុះឡើង នៅក្នុងស្រុកអូរីយ៉ា (Auraiya) ដោយទាមទារឱ្យចាប់ខ្លួនគ្រូបង្រៀនមុនពេលបូជាសពក្មេងប្រុសនេះ។ ក្រុមគ្រួសារជនរងគ្រោះនិយាយថា ក្មេងប្រុសនេះត្រូវបានគ្រូបង្រៀនរបស់គាត់វាយដំ កាលពីប៉ុន្មានសប្តាហ៍មុន ដោយសារការសរសេរខុសអក្ខរាវិរុទ្ធ។ ក្រុមគ្រួសារបានហៅរឿងនេះថាជាឧក្រិដ្ឋកម្មស្អប់និងការប្រកាន់វណ្ណៈ»។ ហេតុការណ៍នេះ ធ្វើឱ្យមនុស្សរាប់រយនាក់បានដើរតាមផ្លូវកាលពីថ្ងៃចន្ទ និងបានដុតរថយន្តប៉ូលីសផងដែរ  ដោយសារការខឹងសម្បារកាន់តែខ្លាំងឡើងប្រឆាំងនឹងវណ្ណៈនិយម និងអំពើហឹង្សាផ្អែកលើវណ្ណៈនៅក្នុងប្រទេសឥណ្ឌា គឺត្រូវបានហាមឃាត់ប៉ុន្តែនៅតែរីករាលដាល៕
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ