បាត់ដំបង​ ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំដល់ភាគីពាក់ព័ន្ធប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ​ ប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថេរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ។ 

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង​ នាថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៣​ សម្ដេចក្រឡាហោម ស​ ខេង​បានស្នើសុំអង្គពិធីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាពជាអាទិភាព ដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ច។

សម្ដេចក្រឡាហោម​ ក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថេរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ។ 

សម្ដេចក្រឡាហោម​ ស​ ខេង​ បានបន្តមានប្រសាសន៍អំពីសមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាននៃការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ក្នុងនោះមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោតជាទៀងទាត់ ការដាក់ចេញគោលនយោបាយពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនី។ សម្ដេចក៏បានគូសបញ្ជាក់អំពីស្នាដៃនៃការដឹកនាំកិច្ចប្រជុំអាស៊ាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ