ភ្នំពេញ ៖ សង្កេតឃើញឈ្មួញមួយចំនួននៅតែកេងបន្លំ ដើម្បីតែផលប្រយោជន៍ការចំណេញរបស់ខ្លួន ដោយមិនបានគិតពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ពេលដែលគាត់បានទិញយកមកធ្វើជាម្ហូបអាហារ ដើម្បីបរិភោគនោះទេ ។

ជាក់ស្តែង យោងតាមផេកអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក.ប.ប. ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋសាខាក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យណែនាំ និងអប់រំនៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។យោងតាមលទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា ៖

-ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើមបន្លំថា ប្រភេទនៃផលិតផលឈាម

-សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី

-មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់

-ដូចនេះ មន្ត្រីជំនាញបានដកហូតផលិតផលឈាមចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមីចំនួន២២គីឡូក្រាម សរុបចំនួន៧៣គីឡូក្រាម ។

ប្រភពបន្តទៀតថា ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញដែលបានចុះមកត្រួតពិនិត្យដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ៖

-បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត ។

-បញ្ឈប់ការផលិតឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា ដែលច្បាប់មិនអនុញ្ញាតិ ។

-រៀបចំអនាម័យទុកដាក់សម្ភារ វត្ថុធាតុដើមឱ្យបានល្អ ។

-ម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែ ដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ