(ពោធិ៍សាត់)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងយុទ្ធនាការប្រឆាំងទៅនឹងជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ។
ថ្លែងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់នៅក្នុងខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ការប្រមាថមាក់ងាយព្រះមហាក្សត្រដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ត្រកូល សម គឺជារឿងដែលមិនអាចទទួលយកបាននឹងត្រូវតែថ្កោលទោសទាំង សម រង្ស៊ី និងគណបក្សដែលភ្ជាប់ខ្លួមជាមួយជននេះ។
សម្ដេចតេជោថា៖ «ទាំងព្រះសង្ឃ ទាំងគ្រហស្បតិ៍ សូមងើបឈរឡើងប្រឆាំងទៅនឹងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិនេះ។ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង»។
ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ