កណ្ដាល​ ៖​  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ តាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា។ 

ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល​ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស​ ខេង​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។

សម្ដេច ក៏បានបង្ហាញមោទកភាពដោយហេតុថា​ "តាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ"។ 

សម្ដេច​ ឧបនាយករដ្ឋមន្ត្រី បន្តថា​ ការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះទស្សនាទានរក្សាសន្តិភាពជូនប្រទេសជាតិ ដែលត្រូវបានបំផុសក្នុងចំណោមឥស្លាមសាសនិកនៅកម្ពុជា ដូចជា សាសនាឥស្លាមនិងសុវត្ថភាពភូមិ ឃុំ សង្កាត់ យុវជននិងសង្គមនាំគ្នាកសាងអំពើល្អទប់ស្កាត់អំពើអាក្រក់ ឥស្លាមជាសាសនាសន្តិភាពនិងភាពសុខដុម ឥស្លាមនិងការអប់រំ ឥស្លាមនិងនារី ឥស្លាមនិងសីលធម៌ និងឥស្លាមនិងសេដ្ឋកិច្ច ជាដើម។

សម្ដេច​ បានកត់សម្គាល់ថា​ ប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាពសាសនា និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ជូនអង្គពិធីអំពីការអនុវត្តគោលការណ៍ផ្ដល់តួនាទី និងមុខតំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រោយការកែសម្រួលគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្ដល់តួនាទីអភិបាលឬអភិបាលរង ជូនមន្រ្តីខ្មែរឥស្លាម ដោយយោងលើសមត្ថភាពបំពេញតួនាទី។ សម្ដេចបន្ថែមថាគោលនយោបាយ និងការលើកទឹកចិត្តនេះត្រូវបានអនុវត្តទូទាំងប្រទេស ពិសេសនៅតំបន់រដ្ឋបាលដែលមានពលរដ្ឋខ្មែរឥស្លាមរស់នៅច្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ