បាត់ដំបង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមសោកស្តាយជាមួយប្រជាកសិករទាំងអស់ ដែលបានរងគ្រោះដោយគ្រោះមហន្តរាយ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ សូមកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង, លោក-លោកស្រី និងក្រុមការងារចុះជួយប្រជាជន។ សូម អរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយដល់ប្រជាជន ក្នុងកាលៈទេសៈដ៏លំបាក មុនពេលខ្ញុំមកដល់ទីនេះ»។

សម្ដេចតេជោ បន្ដថា សម្ដេចក្រឡាហោម ស ខេង បានចេញបទបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការជាមួយអាជ្ញាធរខេត្តបាត់ដំបង ក្នុងឋានៈ សម្ដេចក្រឡាហោម ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង។ អ្វីៗវាបានកើតដោយជៀសមិនរួច និងមិនអាចបញ្ចៀសបាន ប៉ុន្ដែដោយសារការខិតខំប្រឹងប្រែងរួមគ្នាទាំងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបញ្ចៀសនូវគ្រោះថ្នាក់នានា ជាពិសេស បញ្ចៀសការបាត់បង់ជីវិតប្រជាជនដោយគ្រោះទឹកជំនន់នេះ តាមរយៈការជួយជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលមានសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ