នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង ចំនួន ១១.៥២៨ គ្រួសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

តាមរបាយការណ៍របស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។

លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបបងប្អូនប្រជាកសិករនាថ្ងៃនេះ និងបានចូលរួមសោកស្ដាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប។ 

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។

 ជាងថ្មីម្តងទៀត សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ