ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា នៅតាមឆ្នេរសមុទ្រ១ម៉ែត្រណា ក៏មានសំរាមដែរ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន ខណៈមានចោលលួចធុងសំរាម ជាបន្ដបន្ទាប់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្តព្រះសីហនុ» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន អំពាវនាវឲ្យទៅដល់ ភ្ញៀវទេសចរណ៍ ជាតិ-អន្ដរជាតិ ត្រូវបន្ដរក្សាអនាម័យ កុំបោះចោលសំរាម ត្រូវយកសំរាមដាក់នៅក្នុងធុងសំរាម។

លោកបន្ដថា ភ្ញៀវទេសចរណ៍ទៅកម្សាន្ដនៅព្រះសីហនុ មានការហូបអាហារ ហើយសំរាមក៏ច្រើនដែរ ដូច្នេះត្រូវមានរក្សាអនាម័យ។លោកថា ខេត្តក៏មានគម្រោងរៀបចំក្រុមសម្អាតនៅតាមមាត់ឆ្នេរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា«មានឆ្នេរហើយត្រូវមានសោភ័នភាព មិនមែនមានឆ្នេរហើយ លម្អទៅដោយកំប៉ុងទឹកសុទ្ធ និងកំប៉ុងផ្សេងៗទៀត ។ខ្ញុំដើរតំបន់ឆ្នេរអត់មាន១ម៉ែត្រណា ដែលអត់គ្មានកំប៉ុង និងដបនោះទេ កន្លែងណាក៏មានដែល ពិតជាសំបូរបែបមែនទែន»។

លោកបន្ថែមថា ខេត្តស្វាគមន៍ចំពោះ ភ្ញៀវទេសចរណ៍ ជាតិ-អន្ដរ ដែលមកទស្សនា នៅព្រះសីហនុ ហើយភ្ញៀវទេសចរណ៍ត្រូវរក្សាអនាម័យជាប់ជានិច្ច សម្រាប់ឆ្នេរសាធារណៈទាំងអស់គ្នា។

ជុំវិញបញ្ហាសំរាមនៅតាមមាត់ឆ្នេរ អភិបាលខេត្តព្រះសីហនុ ក៏មានការហួសចិត្ត ចំពោះចោលលួចធុងសំរាម ដែលដាក់នៅតាមមាត់ឆ្នេរសមុទ្រ ខណៈភាគីពាក់ព័ន្ធនឹងវិធានការចំពោះ អ្នកលួចធុងសំរាម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ