ក្រសួងប្រៃសណីយ៍ ណែនាំពីវិធីបង្ការឧបាយកលបោកបញ្ឆោតលួចគណនី Telegram ក្រោមរូបភាពមានចលនា «Gift 74/100 Free Premium»
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ពីវិធានការបង្ការឧបាយកល បោកបញ្ឆោតលួចគណនីតេឡេក្រាម (Telegram) ក្រោមទម្រង់រូបភាពមានចលនា «Gift 74/100 Free Premium»។
ក្រសួងបានបញ្ជាក់ថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយ ដោយដាក់រូបភាពមានចលនា (Gif) និងតំណភ្ជាប់មើលទៅហាក់ដូចជាសារ របស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ដើម្បីលួចយកគណនី។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន អំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖
ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា «Gift 74/100 Free Premium» ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាម ចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។
ទី១-សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា (Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” នៅក្នុងតេឡេក្រាម ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ ដែលតម្រូវឱ្យមានការចុច ទៅលើតំណភ្ជាប់ (Link)។
ទី២-ធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា (Gif) ឬតំណភ្ជាប់នានា ឱ្យបានច្បាស់លាស់ និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ
ទី៣-បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និងចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី៕