ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឱ្យមានការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង
SEOUL៖ សារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែឆ្លើយតបក្នុងលក្ខណៈសម្របសម្រួលមួយប្រឆាំងនឹងការបង្ករឿងដោយមីស៊ីលរបស់កូរ៉េខាងជើង។
លោក Yoon Suk-yeol បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងអំឡុងពេលដែលលោកបានអំពាវនាវឱ្យមានការទំនាក់ទំនងជិតស្និទ្ធសម្រាប់ជំនួយដល់ប្រទេសកូរ៉េខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នេះបើយោងតាមរបាយការណ៍។
តួយ៉ាង កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានស្ម័គ្រផ្តល់ជំនួយ រួមទាំងវ៉ាក់សាំងផងដែរដល់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងនៅតែមិនឆ្លើយតប ខណៈពេលដែលកំពុងបង្កើនភាពតានតឹងជាមួយនឹងការធ្វើតេស្តអាវុធជាបន្តបន្ទាប់។
ជាក់ស្តែង ការអំពាវនាវរបស់ លោក Yoon Suk-yeol ឱ្យមានការសម្របសម្រួលឆ្លើយតបរបស់អង្គការសហប្រជាជាតិបានកើតឡើងបន្ទាប់ពីប្រទេសចិន និងរុស្ស៊ី បានប្រើសិទ្ធិវេតូ (អំណាចហាមឃាត់) ចំពោះសហរដ្ឋអាមេរិក ក្នុងបំណងអោយមានការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិលើទីក្រុងព្យុងយ៉ាង ជុំវិញការបាញ់មីស៊ីលផ្លោងជាថ្មី។
គួររំលឹកថា ការប្រើសិទ្ធិវេតូ (អំណាចហាមឃាត់) ពីរដងជាសាធារណៈបានបំបែកក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ នាក់ ជាលើកដំបូងចាប់តាំងពីគេបានចាប់ផ្តើមដាក់ទណ្ឌកម្មទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ២០០៦ ។ NR